ព្រះត្រៃបិដក ភាគ ៦៦

អាការ​នៃ​តម្រេក​មាន​កំឡាំង​ ភាព​នៃ​តម្រេក​មាន​កំឡាំង អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យ​ថា កំណាញ់ បាន​ដល់ កំណាញ់ ៥ គឺ​ កំណាញ់​អាវាស ១។បេ។ សេចក្តី​ប្រកាន់ លោក​ហៅថា កំណាញ់។ ពាក្យ​ថា ក្រោធ បាន​ដល់​សេចក្តី​គុំគួន​ សេចក្តី​ចង្អៀតចង្អល់ សេចក្តី​តានតឹង សេចក្តី​ថ្នាំងថ្នាក់​នៃ​ចិត្ត ការ​ខឹង​ ការ​ខឹង​ខ្លាំង ការ​ខឹង​ក្រៃលែង សេចក្តី​ប្រទូស្ត សេចក្តី​ប្រទូស្ត​ខ្លាំង សេចក្តី​ប្រទូស្ត​ក្រៃលែង​ ការប្រែប្រួល​នៃ​ចិត្ត ការ​ប្រទូស​ក្នុងចិត្ត សេចក្តី​ក្រា​ធ អាការ​ក្រោធ ភាព​នៃ​ក្រា​ធ ការ​ប្រទូស្ត អាការ​ប្រទូស្ត ភាព​នៃ​ការ​ប្រទូស្ត ការព្យាបាទ អាការ​ព្យាបាទ ភាព​នៃ​ការព្យាបាទ​ ការ​ខុស ការ​អាក់អន់ ភាព​កាច ការ​ចេញទឹកភ្នែក សេចក្តី​មិន​ត្រេកអរ​នៃ​ចិត្ត។ ពាក្យ​ថា​ ការ​ញុះញង់ សេចក្តី​ថា បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ជា​អ្នកមាន​វាចា​ញុះញង់ គឺ​ឮអំពី​ពួក​ជន​ឯណេះ​ហើយ​ ប្រាប់​ពួក​ជន​ឯណោះ ដើម្បី​ការ​បំបែក​ពួក​ជន​ឯនេះ ឬឮ​អំពី​ពួក​ជន​ឯណោះ​ហើយ ប្រាប់​ពួក​ជន​ឯនេះ​ ដើម្បី​ការ​បំបែក​ពួក​ជន​ឯណោះ ជា​អ្នក​បំបែក​ពួក​ជន​ដែល​ព្រមព្រៀង​គ្នា​ហើយ​ផង ជា​អ្នក​បន្ថែម​កំឡាំង​ដល់​ពួក​ជន​ដែល​បែកគ្នា​ហើយ​ផង​ ជា​អ្នកមាន​ពួក​ជាទី​ត្រេកអរ ត្រេកអរ​ក្នុង​ពួក រីករាយ​ក្នុង​ពួក ជា​អ្នកពោល​នូវ​វាចា​ធ្វើឲ្យ​ជា​ពួក​ នេះ លោក​ហៅថា ការ​ញុះញង់។ មួយទៀត បុគ្គល​បង្ក​ការ​ញុះញង់​ដោយហេតុ ២ គឺ​ដោយ​សេចក្តី​ប្រាថ្នា​ឲ្យ​គេ​ស្រលាញ់​ខ្លួន​ ឬជា​អ្នក​ប៉ុនប៉ង​ឲ្យ​គេ​បែកគ្នា។
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637351968640492834
ទៅកាន់ទំព័រ៖