ព្រះត្រៃបិដក ភាគ ៦៦
[៧០] អធិប្បាយពាក្យថា មិនគប្បីសិក្សានូវអំពើឃ្នើសឃ្នង ត្រង់ពាក្យថា អំពើឃ្នើសឃ្នង បានដល់អំពើឃ្នើសឃ្នង ៣ គឺ អំពើឃ្នើសឃ្នងប្រកបដោយកាយ ១ អំពើឃ្នើសឃ្នងប្រកបដោយវាចា ១ អំពើឃ្នើសឃ្នងប្រកបដោយចិត្ត ១។
អំពើឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច។ ភិក្ខុខ្លះក្នុងសាសនានេះ នៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន នៅក្នុងគណៈ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន សំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងរោងឆាន់ ក៏មាន សំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងរោងភ្លើងក៏មាន សំដែងការឃ្នើសឃ្នងប្រកបដោយកាយក្នុងកំពង់ទឹកក៏មាន កំពុងចូលទៅកាន់ចន្លោះផ្ទះ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន ចូលទៅកាន់ចន្លោះផ្ទះហើយ សំដែងការឃ្នើសឃ្នងប្រកបដោយកាយក៏មាន។
ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ តើដូចម្តេច។ ភិក្ខុខ្លះ ក្នុងសាសនានេះ នៅក្នុងសង្ឃ មិនធ្វើសេចក្តីកោតក្រែង គឺឈរប្រជ្រៀតពួកភិក្ខុជាថេរៈខ្លះ អង្គុយប្រជ្រៀតខ្លះ ឈរខាងមុខខ្លះ អង្គុយខាងមុខខ្លះ អង្គុយលើអាសនៈខ្ពស់ខ្លះ អង្គុយទទូរក្បាលខ្លះ ឈរនិយាយខ្លះ និយាយវាសដៃខ្លះ ភិក្ខុនៅក្នុងសង្ឃ សំដែងការឃ្នើសឃ្នងប្រកបដោយកាយ យ៉ាងនេះ។
ID: 637351972535844982
ទៅកាន់ទំព័រ៖