ព្រះត្រៃបិដក ភាគ ៦៧
ក្នុងកាលខ្លះ ក្រោធគ្រាន់តែធ្វើឲ្យធ្លុះធ្លាយដាច់ដាច តែមិនទាន់បំបាក់បំបែកនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែបំបាក់បំបែក តែមិនទាន់អូសទាញមកនូវអវយវៈតូច និងអវយវៈធំនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែទាញកន្រ្តាក់មកនូវអវយវៈតូច និងអវយវៈធំ តែមិនទាន់ញ៉ាំងជីវិតឲ្យវិនាសនៅឡើយ ក៏មាន។ ក្នុងកាលខ្លះ ក្រោធគ្រាន់តែញុំាងជីវិតឲ្យវិនាស តែមិនទាន់តាំងនៅក្នុងការលះ និងការបរិច្ចាគ (ជីវិត) ទាំងអស់គ្នានៅឡើយក៏មាន។ ក្នុងកាលណា បុគ្គលអ្នកក្រោធសម្លាប់បុគ្គលដទៃ ហើយសម្លាប់ខ្លួន ក្នុងកាលនោះ ក្រោធក៏ដល់នូវសភាពដ៏ចំរើនក្រៃលែង ដល់នូវសភាពដ៏ទូលំទូលាយដ៏ក្រៃលែង ដោយហេតុមានប្រមាណប៉ុណ្ណោះ។ ក្រោធនុ៎ះ ដែលបុគ្គលណា បានលះបង់ កាត់ផ្ដាច់ ចូលទៅរម្ងាប់ រម្ងាប់ចំពោះ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើង គឺញាណហើយ បុគ្គលនោះ ហៅថា អ្នកកំចាត់បង់។ បុគ្គលនោះ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះលះក្រោធហើយ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះកំណត់ដឹងនូវវត្ថុក្រោធហើយ ឈ្មោះថា អ្នកកំចាត់បង់ ព្រោះកាត់ផ្តាច់នូវហេតុនៃក្រោធ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកកំចាត់បង់។
ID: 637354368774131934
ទៅកាន់ទំព័រ៖