ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានសេចក្តីប្រាថ្នា អាចឆ្លងជាតិ និងជរាបាន បានសេចក្តីថា តថាគតពោល ប្រាប់ សំដែង បញ្ញត្ត តាំងផ្តើម បើក ចែក ធ្វើឲ្យរាក់ ប្រកាសថា បុគ្គលណាជាអ្នកស្ងប់ផង អ្នកកំចាត់បង់ផង អ្នកមិនមានទុក្ខផង អ្នកមិនមានសេចក្តីប្រាថ្នាផង បុគ្គលនោះបានឆ្លង ឆ្លងឡើង ឆ្លងរំលង ផ្លោះកន្លង លោតរំលង នូវជាតិ ជរា និងមរណៈបាន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានសេចក្តីប្រាថ្នា អាចឆ្លងជាតិ និងជរាបាន។ ហេតុនោះ ព្រះមានព្រះភាគ ត្រាស់ថា
(ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបុណ្ណកៈ) សេចក្តីញាប់ញ័រក្នុងទីនីមួយក្នុងលោក នៃបុគ្គលណាមិនមានទេ ព្រោះដឹងនូវត្រើយនាយ និងត្រើយអាយក្នុងលោក តថាគតពោលថា បុគ្គលនោះ ជាអ្នកស្ងប់ អ្នកកំចាត់បង់ អ្នកមិនមានទុក្ខ អ្នកមិនមានសេចក្តីប្រាថ្នា អាចឆ្លងជាតិ និងជរាបាន។
ក្នុងពេលដែលចប់ព្រះគាថា។បេ។ បុណ្ណកៈមានអាយុ អង្គុយប្រណម្យអញ្ជលីនមស្ការព្រះមានព្រះភាគ ពោលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាសាស្តានៃខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវ័ក។
ចប់ បុណ្ណកមាណវកប្បញ្ហានិទ្ទេស ទី៣។
ID: 637354369538762235
ទៅកាន់ទំព័រ៖