ព្រះត្រៃបិដក ភាគ ៦៧

 អមនុស្ស​បុច្ឆា តើ​ដូចម្តេច។ ពួក​អមនុស្ស​ចូល​ទៅ​គាល់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ហើយ​សួរ​ប្រស្នា គឺ ពួក​នាគ​សួរ ពួក​គ្រុឌ​សួរ ពួក​យក្ខ​សួរ​ ​ពួក​អសុរ​សួរ ពួក​គន្ធព្វ​សួរ ពួក​មហារាជ​សួរ ពួក​ព្រះឥន្ទ​សួរ ពួក​ព្រហ្ម​សួរ ពួក​ទេវតា​សួរ នេះ​ អមនុស្ស​បុច្ឆា។
 និម្មិត​បុច្ឆា តើ​ដូចម្តេច។ ព្រះមានព្រះភាគ​ ទ្រង់​និមិ្មត​រូប​ណា មាន​អវយវៈ​សព្វគ្រប់ មាន​ឥន្រ្ទិយ​មិន​ខ្វះខាត ដែល​សម្រេច​អំពី​ចិត្ត។ រូប​និម្មិត​នោះ ចូល​ទៅ​គាល់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ហើយ​សួរ​ប្រស្នា ព្រះមានព្រះភាគ​ក៏​ទ្រង់​ដោះស្រាយ​ នេះ និម្មិត​បុច្ឆា។ នេះ បុច្ឆា ៣។
 បុច្ឆា ៣ ដទៃទៀត​គឺ បុច្ឆា​ចំពោះ​ប្រយោជន៍​នៃ​ខ្លួន​ ១ បុច្ឆា​ចំពោះ​ប្រយោជន៍​បុគ្គល​ដទៃ ១ បុច្ឆា​ចំពោះ​ប្រយោជន៍​ទាំងពីរ ១។
 បុច្ឆា ៣ ដទៃទៀត​គឺ បុច្ឆា​ចំពោះ​ប្រយោជន៍​បច្ចុប្បន្ន​ ១ បុច្ឆា​ចំពោះ​ប្រយោជន៍​បរលោក ១ បុច្ឆា​ចំពោះ​ប្រយោជន៍​ដ៏​ក្រៃលែង ១។
 បុច្ឆា ៣ ដទៃទៀត គឺ បុច្ឆា​ចំពោះ​ប្រយោជន៍​មិន​មានទោស ១ បុច្ឆា​ចំពោះ​ប្រយោជន៍​មិន​មាន​កិលេស ១ បុច្ឆា​ចំពោះ​ប្រយោជន៍​ដ៏​ផូរផង់ ១។
 បុច្ឆា ៣ ដទៃទៀត គឺ អតីត​បុច្ឆា ១ អនាគត​បុច្ឆា​ ១ បច្ចុប្បន្ន​បុច្ឆា ១។
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 637354371010671262
ទៅកាន់ទំព័រ៖