ព្រះត្រៃបិដក ភាគ ៦៧
បុច្ឆា ៣ ដទៃទៀត គឺ បុច្ឆាធម៌ក្នុង ១ បុច្ឆាធម៌ក្រៅ ១ បុច្ឆាធម៌ទាំងក្នុងទាំងក្រៅ ១។
បុច្ឆា ៣ ដទៃទៀត គឺកុសលបុច្ឆា ១ អកុសលបុច្ឆា ១ អព្យាកតបុច្ឆា ១។
បុច្ឆា ៣ ដទៃទៀត គឺ ខន្ធបុច្ឆា ១ ធាតុបុច្ឆា ១ អាយតនៈបុច្ឆា ១។
បុច្ឆា ៣ ដទៃទៀតគឺ សតិប្បដ្ឋានបុច្ឆា ១ សម្មប្បធានបុច្ឆា ១ ឥទ្ធិបាទបុច្ឆា ១។
បុច្ឆា ៣ ដទៃទៀត គឺ ឥន្រ្ទិយបុច្ឆា ១ ពលបុច្ឆា ១ ពោជ្ឈង្គបុច្ឆា ១។
បុច្ឆា ៣ ដទៃទៀត គឺ មគ្គបុច្ឆា ១ ផលបុច្ឆា ១ និព្វានបុច្ឆា ១។
ពាក្យថា ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ គឺខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមអង្វរព្រះអង្គ អារាធនាព្រះអង្គ ជ្រះថ្លាចំពោះព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់ដល់ខ្ញុំព្រះអង្គ ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គទូលសួរព្រះអង្គ។ ពាក្យថា ព្រះមានព្រះភាគ នុ៎ះជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះ ដល់ខ្ញុំព្រះអង្គ គឺសូមព្រះអង្គពោល ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកពោលថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់សេចក្តីនោះដល់ខ្ញុំព្រះអង្គ។
ID: 637354371514330671
ទៅកាន់ទំព័រ៖