ព្រះត្រៃបិដក ភាគ ៦៧
អជិតមាណវកប្បញ្ហានិទ្ទេស ទី១
[៥៣] (អជិតមាណពមានអាយុ សួរដូច្នេះថា) លោកត្រូវអី្វបិទបាំង លោកមិនភ្លឺស្វាងព្រោះហេតុអ្វី សូមព្រះអង្គត្រាស់ប្រាប់នូវធម៌អី្វ ថាជាគ្រឿងលាបលោកនោះ អី្វជាភ័យធំរបស់លោកនោះ។
[៥៤] ពាក្យថា លោកត្រូវអី្វបិទបាំង សេចកី្តថា និរយលោក តិរច្ឆានលោក បិត្តិវិសយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក លោកនេះ លោកខាងមុខ ព្រហ្មលោក ព្រមទាំងទេវលោក នេះហៅថា លោក។ លោកនេះត្រូវអ្វីបិទបាំង បិទទាំងខាងក្រោម បិទទាំងខាងលើ បិទភ្ជិត គ្រប ហេតុនោះ (លោកសួរថា) លោក ត្រូវអ្វីបិទបាំង។
[៥៥] ពាក្យថា ដូច្នេះ នៃពាក្យថា អជិតៈមានអាយុសួរដូច្នេះ គឺជាពាក្យតបទ ជាពាក្យភ្ជាប់បទ ជាពាក្យបំពេញបទ ជាទីប្រជុំនៃអក្ខរៈ ជាសេចក្តីពីរោះដោយព្យញ្ជនៈ ពាក្យថា ដូច្នេះ នុ៎ះ ជាលំដាប់នៃបទ។ ពាក្យថា មានអាយុ គឺពាក្យជាទីស្រឡាញ់ ជាពាក្យគោរព ពាក្យថា មានអាយុនុ៎ះ ជាពាក្យពោលដោយគោរពកោតក្រែង។
ID: 637354143529643233
ទៅកាន់ទំព័រ៖