ព្រះត្រៃបិដក ភាគ ៦៧
កាយរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគ ទ្រង់ប៉ះពាល់ផ្សព្វដោយកាយ តែឆន្ទរាគនៃព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ ព្រះទ័យរបស់ព្រះមានព្រះភាគ មានគ្រប់គ្រាន់ ព្រះមានព្រះភាគទ្រង់ជ្រាបច្បាស់ធម្មារម្មណ៍ដោយព្រះទ័យ តែឆន្ទរាគនៃព្រះមានព្រះភាគ មិនមានទេ (ព្រោះ) ព្រះមានព្រះភាគ មានព្រះទ័យរួចស្រឡះដោយប្រពៃ។ ភ្នែកមានរូបជាទីត្រេកអរ ត្រេកអរហើយក្នុងរូប រីករាយព្រមចំពោះរូប ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រងរក្សា សង្រួមហើយ ទាំងទ្រង់សំដែងធម៌ ដើម្បីការសង្រួមភ្នែកនោះ។ ត្រចៀកមានសំឡេងជាទីត្រេកអរ ត្រេកអរហើយក្នុងសំឡេង ច្រមុះមានក្លិនជាទីត្រេកអរ ត្រេកអរហើយក្នុងក្លិន អណ្តាតមានរសជាទីត្រេកអរ ត្រេកអរហើយក្នុងរស រីករាយព្រមចំពោះរស ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រងរក្សា សង្រួមហើយ ទាំងទ្រង់សំដែងធម៌ ដើម្បីការសង្រួមអណ្តាតនោះ។ កាយមានផ្សព្វជាទីត្រេកអរ ចិត្តមានធម្មារម្មណ៍ជាទីត្រេកអរ ត្រេកអរហើយក្នុងធម្មារម្មណ៍ រីករាយព្រមចំពោះធម្មារម្មណ៍ ព្រះមានព្រះភាគ ទ្រង់បានទូន្មាន គ្រប់គ្រង រក្សា សង្រួមហើយ ទាំងទ្រង់សំដែងធម៌ដើម្បីការសង្រួមកាយនោះ។
ID: 637354373913703474
ទៅកាន់ទំព័រ៖