ព្រះត្រៃបិដក ភាគ ៦៧
ពួកជនរមែងនាំនូវពាហនៈដែលហាត់ហើយ ទៅកាន់ទីប្រជុំ ព្រះរាជារមែងឡើងគង់ពាហនៈដែលហាត់ហើយ បណ្តាមនុស្សទាំងឡាយ មនុស្សណា អត់ធន់នឹងពាក្យពោលទ្រគោះ មនុស្សនោះឈ្មោះថាជាអ្នកហាត់ហើយ ជាបុគ្គលប្រសើរផុត។ សេះអស្សតរក្តី សេះសិន្ធពអាជានេយ្យក្តី ដំរីដ៏ប្រសើរជាកុញ្ជរជាតិក្តី ដែលគេបង្ហាត់ហើយ ឈ្មោះថាជាសត្វប្រសើរ តែបុគ្គលអ្នកមានខ្លួនទូន្មានហើយ ប្រសើរជាងសត្វទាំងនោះ។ បុគ្គលមិនគប្បីទៅកាន់ទិសដែលមិនដែលទៅ គឺព្រះនិព្វាន ដោយយានទាំងឡាយនោះបានទេ លុះតែបុគ្គលអ្នកមានខ្លួនទូន្មានហើយ ទើបទៅ (កាន់ទិស គឺព្រះនិព្វាន) ដោយខ្លួនដែលទូន្មានហើយ ទូន្មានល្អហើយ។ ព្រះអរហន្តទាំងឡាយ រួចចាកភពថ្មី ដល់ហើយនូវទន្តភូមិ គឺអរហត្តផល រមែងមិនកម្រើកក្នុងតណ្ហា និងទិដ្ឋិផេ្សងៗ ព្រះអរហន្តទាំងនោះ ឈ្មោះថា ជាអ្នកមានជ័យជំនះក្នុងលោក។
ឥន្រ្ទិយទាំងឡាយ ដែលព្រះខីណាស្រពណា ចំរើនហើយ ព្រះខីណាស្រពនោះ ឈ្មោះថាមានធម៌ចំរើនហើយ មានខ្លួនទូន្មានល្អហើយ ដឹងច្បាស់នូវអារម្មណ៍ ទាំងខាងក្នុងខាងក្រៅ ក្នុងលោកទាំងពួងផង នូវលោកនេះផង នូវលោកខាងមុខផង រមែងរង់ចាំនូវកាលកិរិយាតែប៉ុណ្ណោះ។
ID: 637354374277031750
ទៅកាន់ទំព័រ៖