ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា អជិ​តៈ គឺជា​នាម ជា​សង្ខា ជា​ឈ្មោះ ជា​បញ្ញត្តិ ជា​វោហារ ជា​នាម ជា​នាម​កម្ម ជា​នាម​ធេយ្យ​ ជា​ភាសា ជា​ព្យញ្ជនៈ ជា​ពាក្យ​ហៅ​របស់​ព្រាហ្មណ៍​នោះ ហេតុ​នោះ មាន​ពាក្យ​ថា អជិត​មាណព​មាន​អាយុ​សួរ​ដូច្នេះ។
 [៥៦​] ពាក្យ​ថា លោក​មិន​ភ្លឺស្វាង​ព្រោះ​ហេតុអ្វី​ គឺ​លោក​មិន​ភ្លឺស្វាង មិន​មាន​រស្មី មិន​មាន​ពន្លឺ មិន​រុងរឿង មិន​យល់​ច្បាស់ មិន​ប្រាកដ ព្រោះ​ហេតុអ្វី​ ហេតុ​នោះ លោក​សួរ​ថា លោក​មិន​ភ្លឺស្វាង​ព្រោះ​ហេតុអ្វី។
 [៥៧​] ពាក្យ​ថា សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​ធម៌​អ្វី​ជា​គ្រឿង​លាប​លោក​នោះ​ គឺ​អ្វី​ជា​គ្រឿង​លាប ជា​គ្រឿង​ចំពាក់ ជា​គ្រឿង​ចង ជា​ឧបក្កិលេស​របស់​លោក​នោះ លោក​ត្រូវ​អ្វី​លាប​ស្រឡាប​ធើ្វ​ឲ្យ​សៅហ្មង​ ឲ្យ​សៅហ្មង​ព្រម ឲ្យ​ប្រឡាក់ ឲ្យ​ច្រឡំ​ព្រម ឲ្យ​ជាប់ ឲ្យ​ចំពាក់​ ឲ្យ​ជាប់ស្អិត សូម​ព្រះអង្គ​ត្រាស់​ប្រាប់ សំដែង បញ្ញា​ត្ត តាំង​ទុក បើក ចែក រំលែក ធើ្វ​ឲ្យ​ងាយ​ ប្រកាស ហេតុ​នោះ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​នូវ​អ្វី​ជា​គ្រឿង​លាប​លោក​នោះ។
 [៥៨​] ពាក្យ​ថា អ្វី​ជា​ភ័យ​ធំ​របស់​លោក​នោះ គឺ​អ្វី​ជា​ភ័យ​ធំ​ ជា​គ្រឿង​បៀតបៀន ជា​គ្រឿង​គាប ជា​ឧបទ្រព ជា​ឧបស័គ្គ​របស់​លោក​នោះ​ ហេតុ​នោះ លោក​សួរ​ថា អ្វី​ជា​ភ័យ​ធំ​របស់​លោក​នោះ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ហើយ​ថា
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637354144234574657
ទៅកាន់ទំព័រ៖