ព្រះត្រៃបិដក ភាគ ៦៧
[១៤៦] ពាក្យថា សេចក្តីទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក ត្រង់ពាក្យថា ឯណាមួយ គឺគ្រប់ទាំងអស់ សព្វទាំងអស់ មិនមានសល់ ឥតសល់ ពាក្យថា ឯណាមួយ នុ៎ះជាពាក្យរួម។ ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ជាច្រើនប្រការ គឺទុក្ខទាំងឡាយផ្សេង ៗ ជាច្រើន មានប្រការផ្សេង ៗ ហេតុនោះ (លោកសួរថា) ទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក។ ហេតុនោះ ព្រាហ្មណ៍នោះសួរថា
(មេត្តគូមានអាយុ ទូលសួរដូច្នេះថា) បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមទូលសួរព្រះអង្គ សូមព្រះអង្គត្រាស់ប្រាប់នូវសេចក្តីនោះដល់ខ្ញុំព្រះអង្គឲ្យទាន ខ្ញុំព្រះអង្គសំគាល់ឃើញថា ព្រះអង្គជាអ្នកដល់នូវវេទ ជាអ្នកមានខ្លួនបានអប់រំហើយ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុងលោក សេចក្តីទុក្ខទាំងនេះ កើតមកអំពីទីណាហ្ន៎។
[១៤៧] (ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនោះដល់អ្នកយ៉ាងនោះ សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការ ក្នុងលោក សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ព្រោះឧបធិជានិទាន។
ID: 637354489395378216
ទៅកាន់ទំព័រ៖