ព្រះត្រៃបិដក ភាគ ៦៧
ដល់អ្នក នឹងប្រាប់ហេតុ នឹងប្រាប់និទាន នឹងប្រាប់កំណើត នឹងប្រាប់ហេតុជាដែនផ្តើមកើត នឹងប្រាប់សមុដ្ឋាន នឹងប្រាប់អាហារ នឹងប្រាប់អារម្មណ៍ នឹងប្រាប់បច្ច័យ គឺនឹងប្រាប់ នឹងបង្ហាញ នឹងសំដែង នឹងបញ្ញត្ត នឹងតាំងទុក នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសនូវហេតុជាទីប្រជុំកើត ហេតុនោះ (ទ្រង់ត្រាស់ថា) នឹងប្រាប់ហេតុជាដែនផ្តើមកើតនោះដល់អ្នក។ ពាក្យថា តថាគតដឹងយ៉ាងណា គឺតថាគតដឹង ដឹងទួទៅ ដឹងច្បាស់ ដឹងចំពោះ ចាក់ធ្លុះដោយប្រការយ៉ាងណា គឺមិនមែនដោយអាងថាដូច្នេះ ៗ មិនមែនដោយឮថាដូច្នេះ មិនមែនដោយតៗគ្នា មិនមែនដោយការផ្សំតាមតម្រា មិនមែនដោយហេតុនៃសេចក្តីត្រិះរិះ មិនមែនដោយហេតុនៃការយល់ មិនមែនដោយសេចក្តីរិះគិតតាមអាការ មិនមែនតាមសេចក្តីយល់ឃើញ ការពិនិត្យ និងសេចក្តីចូលចិត្តទេ តថាគតសំដែងធម៌ដែលតថាគតត្រាស់ដឹងឯង ដោយខ្លួនឯង ជាធម៌ជាក់ច្បាស់ចំពោះខ្លួន ហេតុនោះ (ទ្រង់ត្រាស់ថា) តថាគតដឹងយ៉ាងណា។
ID: 637354490455671841
ទៅកាន់ទំព័រ៖