ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា ជាច្រើនប្រការ គឺទុក្ខទាំងឡាយផ្សេង ៗ ជាច្រើន មានប្រការផ្សេង ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) សេចក្តីទុក្ខទាំងឡាយណាមួយ ជាច្រើនប្រការក្នុងលោក។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកសួរហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនឹងតថាគត តថាគតដឹងយ៉ាងណា នឹងប្រាប់ហេតុជាដែនផ្តើមកើតនៃសេចក្តីទុក្ខនោះដល់អ្នកយ៉ាងនោះ សេចក្តីទុក្ខទាំងឡាយណាមួយជាច្រើនប្រការក្នុងលោក សេចក្តីទុក្ខ (ទាំងនោះ) ផ្តើមកើតឡើង ព្រោះឧបធិជានិទាន។
[១៥២] បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យកើតឡើង បុគ្គលល្ងង់ខ្លៅនោះ រមែងបានទុក្ខរឿយ ៗ ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ ជាអ្នកពិចារណាឃើញនូវជាតិជាដែនផ្តើមកើតនៃទុក្ខ មិនគប្បីធ្វើនូវឧបធិឡើយ។
ID: 637354491594568831
ទៅកាន់ទំព័រ៖