ព្រះត្រៃបិដក ភាគ ៦៧
[១៥៣] ពាក្យថា បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យកើតឡើង ត្រង់ពាក្យថា ណា គឺឯណា បែបណា ប្រកបយ៉ាងណា មានបែបផែនយ៉ាងណា មានប្រការយ៉ាងណា ដល់នូវឋានៈយ៉ាងណា ប្រកបដោយធម៌ណា ទោះជាក្សត្រក្តី ព្រាហ្មណ៍ក្តី វេស្សៈក្តី សុទ្ទៈក្តី គ្រហស្ថក្តី បព្វជិតក្តី ទេវតាក្តី មនុស្សក្តី។ ពាក្យថា មិនចេះ គឺបុគ្គលជាអ្នកមិនចេះ តាំងនៅក្នុងអវិជ្ជា ជាអ្នកគ្មានញាណ មិនឈ្វេងយល់ អាប់ឥតប្រាជ្ញា។ ពាក្យថា ធ្វើឧបធិ គឺធ្វើតណ្ហូបធិ ធ្វើទិដ្ឋូបធិ ធ្វើកិលេសូបធិ ធ្វើកម្មូបធិ ធ្វើទុច្ចរិតូបធិ ធ្វើអាហារូបធិ ធ្វើបដិឃូបធិ ធ្វើឧបធិ គឺឧបាទិន្នធាតុ ៤ ធ្វើឧបធិ គឺអាយតនៈខាងក្នុង ៦ ធ្វើឲ្យកើត ឲ្យកើតព្រម បង្កើតនូវឧបធិ គឺពួកវិញ្ញាណ ៦ ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលណា មិនចេះ តែងធ្វើឧបធិឲ្យកើតឡើង។
[១៥៤] ពាក្យថា បុគ្គលល្ងង់ខ្លៅ (នោះ) រមែងបានទុក្ខរឿយ ៗ ត្រង់ពាក្យថា រមែងបានទុក្ខរឿយ ៗ គឺដល់ ចូលដល់ ចូលទៅដល់ កាន់យក ស្ទាបអងែ្អល ជាប់ចំពាក់ ចំពោះជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខ ទោមនស្សុបាយាសទុក្ខរឿយ ៗ ហេតុនោះ (ទ្រង់ត្រាស់ថា) រមែងបានទុក្ខរឿយ ៗ។
ID: 637354491904140175
ទៅកាន់ទំព័រ៖