ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ល្ងង់ខ្លៅ គឺជាអ្នកល្ងង់ វងេ្វង មិនចេះ តាំងនៅក្នុងអវិជ្ជា ជាអ្នកគ្មានញាណ មិនឈ្វេងយល់ ឥតប្រាជ្ញា ហេតុនោះ (ទ្រង់ត្រាស់ថា) បុគ្គលល្ងង់ខ្លៅ (នោះ) រមែងបានទុក្ខរឿយៗ។
[១៥៥] អធិប្បាយពាក្យថា ព្រោះហេតុនោះ បុគ្គលកាលដឹងច្បាស់ មិនគប្បីធ្វើនូវឧបធិឡើយ ត្រង់ពាក្យថា ព្រោះហេតុនោះ គឺព្រោះហេតុដូច្នោះ ព្រោះដំណើរនោះ ព្រោះហេតុនោះ ព្រោះបច្ច័យនោះ ព្រោះនិទាននោះ បុគ្គលកាលឃើញច្បាស់នូវទោសនុ៎ះ ក្នុងឧបធិទាំងឡាយ ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រោះហេតុនោះ។ ពាក្យថា កាលដឹងច្បាស់ គឺកាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា សង្ខារទាំងពួងមិនទៀង កាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា សង្ខារទាំងពួងជាទុក្ខ ថាធម៌ទាំងពួង ជាអនត្តា។បេ។ កាលដឹងច្បាស់ កាលដឹងទួទៅ កាលដឹងវិសេស កាលដឹងចំពោះ កាលចាក់ធ្លុះថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។
ID: 637354492240902550
ទៅកាន់ទំព័រ៖