ព្រះត្រៃបិដក ភាគ ៦៧

បុគ្គល​ជា​អ្នក​អែបនែប មូលមិត្រ ជិតដិត កៀកកើយ ផ្ដេកផ្ដួល កើតឡើង​ជាមួយ​ ប្រកបដោយ​ការពិចារណា​ឃើញ គឺ​បញ្ញា​នេះ បុគ្គល​នោះ លោក​ហៅថា​ អ្នក​ពិចារណា​ឃើញ​ ព្រោះហេតុនោះ ទើប​ទ្រង់​ត្រាស់​ថា ជា​អ្នក​ពិចារណា​ឃើញ​នូវ​ជាតិ​ ជា​ដែន​ផ្ដើម​កើត​នៃ​ទុក្ខ។ ហេតុ​នោះ ព្រះមានព្រះភាគ ត្រាស់​ថា​
បុគ្គល​មិន​ចេះ តែង​ធ្វើ​នូវ​ឧបធិ​ឲ្យ​កើតឡើង​ បុគ្គល​ល្ងង់ខ្លៅ​នោះ រមែង​បាន​ទុក្ខ​រឿយ ៗ ព្រោះហេតុនោះ បុគ្គល​កាល​ដឹង​ច្បាស់ ជា​អ្នក​ពិចារណា​ឃើញ​នូវ​ជាតិ​ ជា​ដែន​ផ្ដើម​កើត​នៃ​ទុក្ខ មិន​គប្បី​ធ្វើ​នូវ​ឧបធិ​ឡើយ។
[១៥៧​] (មេ​ត្ត​គូ​ទូល​ថា​) យើងខ្ញុំ​បាន​ទូល​សួរ​សេចក្តី​ណា​ ព្រះអង្គ​បាន​ត្រាស់​ប្រាប់​សេចក្តី​នោះ​ដល់​យើងខ្ញុំ យើងខ្ញុំ​សូម​សួរ​សេចក្តី​ឯទៀត​ចំពោះ​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ អ្នកប្រាជ្ញ​ទាំងឡាយ ឆ្លង​ឱឃៈ​ផង​ ជាតិ ជរា​ផង សោ​កៈ និង​បរិទេវៈ​ផង ដោយ​ប្រការ​ដូចម្តេច​ហ្ន៎ សូម​ព្រះអង្គ​ជាមុ​និ ដោះស្រាយ​នូវ​ឧបាយ​ជា​គ្រឿង​ឆ្លង​នោះ​ ដល់​យើងខ្ញុំ ព្រោះ​ព្រះអង្គ​ជ្រាប​ច្បាស់​ធម៌​នោះ​ហើយ។
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637354493004126812
ទៅកាន់ទំព័រ៖