ព្រះត្រៃបិដក ភាគ ៦៧

 [១៥៨​] ពាក្យ​ថា យើងខ្ញុំ​បាន​ទូល​សួរ​នូវ​សេចក្តី​ណា ព្រះអង្គ​បាន​ត្រាស់​ប្រាប់​សេចក្តី​នោះ​ ដល់​យើងខ្ញុំ គឺ​យើងខ្ញុំ​បាន​សួរ បាន​សូម បាន​អារាធនា បាន​ជ្រះថ្លា​ចំពោះ​សេចក្តី​ណា។ ពាក្យ​ថា ព្រះអង្គ​បាន​ត្រាស់​ប្រាប់​សេចក្តី​នោះ ដល់​យើងខ្ញុំ​ គឺ​ព្រះអង្គ​បាន​សំដែង​ប្រាប់​សេចក្តី​នោះ ពន្យល់​សេចក្តី​នោះ បញ្ញត្ត​សេចក្តី​នោះ ផ្តួចផ្តើម​នូវ​សេចក្តី​នោះ​ បើក​សេចក្តី​នោះ ចែក​សេចក្តី​នោះ ធ្វើឲ្យ​រាក់​សេចក្តី​នោះ ប្រកាស​សេចក្តី​នោះ ដល់​យើងខ្ញុំ​ ហេតុ​នោះ (លោក​សួរ​ថា​) យើងខ្ញុំ​បាន​ទូល​សួរ​នូវ​សេចក្តី​ណា ព្រះអង្គ​បាន​ត្រាស់​ប្រាប់​សេចក្តី​នោះ​ដល់​យើងខ្ញុំ។
 [១៥៩​] អធិប្បាយ​ពាក្យ​ថា យើងខ្ញុំ​សូម​សួរ​សេចក្តី​ឯទៀត​ចំពោះ​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ អ្នកប្រាជ្ញ​ទាំងឡាយ ឆ្លង​ឱឃៈ​ផង ជាតិ ជរា​ផង សោ​កៈ និង​បរិទេវៈ​ផង​ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎ ត្រង់​ពាក្យ​ថា ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ គឺជា​សំនួរ​ចំពោះ​សេចក្តី​សង្ស័យ សំនួរ​ចំពោះ​សេចក្តី​ងឿងឆ្ងល់ សំនួរ​ចំពោះ​ផ្លូវបែក​ជា​ចំពាម​ពីរ​ សំនួរ​ចំពោះ​ហេតុ​ច្រើនយ៉ាង​ថា យ៉ា​នេះ​ឬហ្ន៎ មិនមែនទេ​ឬហ្ន៎ ដូចម្តេច​ហ្ន៎ ដោយ​ប្រការ​ដូចម្តេច​ហ្ន៎​ ហេតុ​នោះ (លោក​សួរ​ថា​) ដោយ​ប្រការ​ដូចម្តេច​ហ្ន៎។ ពាក្យ​ថា អ្នកប្រាជ្ញ​ទាំងឡាយ​ គឺ​អ្នកប្រាជ្ញ បណ្ឌិត អ្នកមាន​ប្រាជ្ញា អ្នកមាន​យោបល់ អ្នកមាន​ញាណ អ្នកមាន​ការឈ្វេងយល់​ អ្នកមាន​ប្រាជ្ញា​ធ្លុះធ្លាយ។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637354493348858551
ទៅកាន់ទំព័រ៖