ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ឱឃៈ បានដល់ ឱឃៈគឺកាម ឱឃៈគឺភព ឱឃៈគឺទិដ្ឋិ ឱឃៈគឺអវិជ្ជា។ ពាក្យថា ជាតិ បានដល់កំណើត ការកើតព្រម ការចុះកាន់គភ៌ ការផ្ដួចផ្ដើមឡើង ការកើតឡើងចំពោះ ការប្រាកដឡើងនៃខន្ធ ការបានចំពោះនូវអាយតនៈនៃពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា ជរា បានដល់ការចាស់ ការគ្រាំគ្រា ការរង្គោះធ្មេញ ការស្កូវសក់ ការជ្រួញជ្រីវស្បែក ការរួញថយអាយុ ការចាស់ទុំនៃឥន្រ្ទិយ របស់ពួកសត្វនោះ ៗ ក្នុងសត្តនិកាយនោះ ៗ។ ពាក្យថា សោក គឺការសោកស្តាយ អាការជាទីសោកស្តាយ ភាពនៃការសោកស្តាយ ការស្ងួតខាងក្នុង ការស្រពោនខាងក្នុង ការក្តៅខាងក្នុង ការរោលរាលខាងក្នុង អាការជាទីសញ្ជប់សញ្ជឹងនៃចិត្ត ការអាក់អន់ចិត្ត សរគឺការសោករបស់បុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ ឬត្រូវសេចក្តីវិនាសនៃភោគៈប៉ះពាល់ ត្រូវសេចក្តីវិនាសគឺរោគប៉ះពាល់ ឬត្រូវសេចក្តីវិនាសសីលប៉ះពាល់ ត្រូវសេចក្តីវិនាសគឺទិដ្ឋិប៉ះពាល់ ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់។
ID: 637354493655773719
ទៅកាន់ទំព័រ៖