ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា សេចក្តីខ្សឹកខ្សួល គឺការខ្សឹកខ្សួល អាការយំ អាការខ្សឹកខ្សួល ភាពនៃការយំ ភាពនៃការខ្សឹកខ្សួល ការទួញរៀបរាប់ ការពោលរៀបរាប់ ការរៀបរាប់ដែល ៗ ការពោលរំលឹក អាការនៃការពោលរំលឹក ភាពនៃការពោលរំលឹក នៃបុគ្គលដែលត្រូវសេចក្តីវិនាសញាតិប៉ះពាល់ ឬត្រូវសេចក្តីវិនាសភោគៈប៉ះពាល់ ត្រូវសេចក្តីវិនាសរោគប៉ះពាល់ ឬត្រូវសេចក្តីវិនាសសីលប៉ះពាល់ ត្រូវសេចក្តីវិនាស គឺទិដ្ឋិប៉ះពាល់ ឬប្រកបដោយសេចក្តីវិនាសណាមួយ ឬក៏ត្រូវទុក្ខធម៌ណាមួយប៉ះពាល់។ ពាក្យថា អ្នកប្រាជ្ញទាំងឡាយឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការដូចម្តេចហ្ន៎ បានសេចក្តីថា អ្នកប្រាជ្ញទាំងឡាយ ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវឱឃៈផង នូវជាតិ ជរាផង នូវសោកៈ បរិទេវៈផង ដោយប្រការដូចម្តេច ហេតុនោះ (លោកសួរថា) អ្នកប្រាជ្ញទាំងឡាយ ឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការដូចម្តេចហ្ន៎។
[១៦០] អធិប្បាយពាក្យថា សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ ត្រង់ពាក្យថា នោះ គឺខ្ញុំព្រះអង្គទូលសួរសេចក្តីណា សូមសេចក្តីណា អារាធនាសេចក្តីណា ជ្រះថ្លាចំពោះសេចក្តីណា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងប្រាជ្ញា ការដឹងច្បាស់។បេ។
ID: 637354494020039641
ទៅកាន់ទំព័រ៖