ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា សូមព្រះអង្គដោះស្រាយ គឺសូមព្រះអង្គប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យរាក់ ប្រកាស ហេតុនោះ (លោកសួរថា) សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ។
[១៦១] ពាក្យថា ព្រោះព្រះអង្គជ្រាបច្បាស់ធម៌នោះហើយ គឺព្រោះព្រះអង្គជ្រាប ស្គាល់ ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដនូវធម៌នោះហើយ ហេតុនោះ (លោកសួរថា) ព្រោះព្រះអង្គជ្រាបច្បាស់ធម៌នោះហើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
យើងខ្ញុំបានទូលសួរសេចក្តីណា ព្រះអង្គបានត្រាស់ប្រាប់សេចក្តីនោះ ដល់យើងខ្ញុំ យើងខ្ញុំសូមសួរសេចក្តីឯទៀតចំពោះព្រះអង្គ សូមព្រះអង្គសំដែងសេចក្តីនោះ អ្នកប្រាជ្ញទាំងឡាយឆ្លងឱឃៈផង ជាតិ ជរាផង សោកៈ និងបរិទេវៈផង ដោយប្រការ ដូចម្តេចហ្ន៎ សូមព្រះអង្គជាមុនិ ដោះស្រាយនូវឧបាយជាគ្រឿងឆ្លងនោះ ដល់យើងខ្ញុំ ព្រោះព្រះអង្គជ្រាបធម៌នោះហើយ។
ID: 637354495510545072
ទៅកាន់ទំព័រ៖