ព្រះត្រៃបិដក ភាគ ៦៧
[១៦២] (ព្រះមានព្រះភាគ ត្រាស់ថា មា្នលមេត្តគូ) តថាគតនឹងសំដែងធម៌ដល់អ្នក ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ ជាធម៌ដែលបុគ្គលមានសតិ ដឹងហើយប្រព្រឹត្ត គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។
[១៦៣] ពាក្យថា តថាគតនឹងសំដែងធម៌ដល់អ្នក គឺតថាគតនឹងសំដែង នឹងពន្យល់ នឹងបញ្ញត្ត នឹងតាំងទុក នឹងបើក នឹងចែក នឹងធ្វើឲ្យរាក់ នឹងប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធបរិបូណ៌ទាំងអស់ ព្រមទាំងអត្ថ និងព្យញ្ជនៈ មានលំអក្នុងខាងដើម មានលំអត្រង់កណ្តាល មានលំអក្នុងទីបំផុតផង នូវសតិប្បដ្ឋាន ៤ ផង នូវសម្មប្បធាន ៤ ផង នូវឥទ្ធិបាទ ៤ ផង នូវឥន្រ្ទិយ ៥ ផង នូវពលៈ ៥ ផង នូវពោជ្ឈង្គៈ ៧ ផង នូវមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ផង នូវព្រះនិព្វានផង នូវបដិបទាជាដំណើរទៅកាន់ព្រះនិព្វានផង ហេតុនោះទ្រង់ត្រាស់ថា តថាគតនឹងសំដែងធម៌ដល់អ្នក។ ពាក្យថា មេត្តគូ គឺព្រះមានព្រះភាគ ទ្រង់ហៅព្រាហ្មណ៍នោះដោយចំឈ្មោះ។
ID: 637354495875591972
ទៅកាន់ទំព័រ៖