ព្រះត្រៃបិដក ភាគ ៦៧

 [១៦៤​] អធិប្បាយ​ពាក្យ​ថា ដែល​ជា​ធម៌​ជាក់ច្បាស់​ក្នុង​ខ្លួន​ចំពោះ​ធម៌​ដែល​ឃើញ​ហើយ​ ត្រង់​ពាក្យ​ថា ចំពោះ​ធម៌​ដែល​ឃើញ​ហើយ គឺ​ចំពោះ​ធម៌​ដែល​ឃើញ ធម៌​ដែល​ដឹង ធម៌​ដែល​ថ្លឹង ធម៌​ដែល​ពិចារណា​ ធម៌​ដែល​ឈ្វេងយល់ ធម៌​ដែល​ច្បាស់​ហើយ​ថា សង្ខារធម៌​ទាំងពួង​មិន​ទៀង។បេ។ ចំពោះ​ធម៌​ដែល​ឃើញ​ ធម៌​ដែល​ថ្លឹង ធម៌​ដែល​ពិចារណា​ ធម៌​ដែល​ឈ្វេងយល់ ធម៌​ដែល​ច្បាស់​ហើយ​ថា​ ធម្មជាត​ណាមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​ ហេតុ​នោះ តថាគត​នឹង​សំដែងធម៌ ដែល​ឃើញ​ហើយ យ៉ាងនេះ​ខ្លះ។ មួយទៀត តថាគត​នឹង​សំដែង​ទុក្ខ​ ចំពោះ​ទុក្ខ​ដែល​ឃើញ​ហើយ នឹង​សំដែង​សមុទ័យ​ចំពោះ​សមុទ័យ​ដែល​ឃើញ​ហើយ នឹង​សំដែង​មគ្គ ចំពោះ​មគ្គ​ដែល​ឃើញ​ហើយ​ នឹង​សំដែង​និរោធ​ចំពោះ​និរោធ​ដែល​ឃើញ​ហើយ ហេតុ​នោះ តថាគត​នឹង​សំដែង​ចំពោះ​ធម៌ ដែល​ឃើញ​ហើយ​យ៉ាងនេះ​ខ្លះ។ មួយទៀត គុណជាត​ដែល​បុគ្គល​គប្បី​ឃើញ​ជាក់ច្បាស់​ដោយខ្លួនឯង​ក្នុង​បច្ចុប្បន្ន ជា​គុណ​ឲ្យផល​មិន​រង់ចាំ​កាល​ ជា​ធម៌​ហាក់ដូចជា​នឹង​ហៅថា អ្នក​ចូរ​មក​មើលចុះ ជា​ធម៌​គួរ​បង្អោន​មក​ទុក​ក្នុង​ខ្លួន​បាន ជា​ធម៌​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ គប្បី​ដឹង​ជាក់ច្បាស់​ចំពោះខ្លួន ហេតុ​នោះ តថាគត​នឹង​សំដែង​ចំពោះ​ធម៌ ដែល​ឃើញ​ហើយ យ៉ាងនេះ​ខ្លះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចំពោះ​ធម៌​ដែល​ឃើញ​ហើយ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637354496162972961
ទៅកាន់ទំព័រ៖