ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន គឺតថាគតសំដែងធម៌ ដែលត្រាស់ដឹងឯងដោយខ្លួនឯង ជាក់ច្បាស់ចំពោះខ្លួន មិនមែនដោយអាងថាដូច្នេះ ៗ មិនមែនដោយឮថាដូច្នេះ ៗ មិនមែនដោយទំនៀម មិនមែនដោយការផ្សំតាមតម្រា មិនមែនដោយហេតុនៃសេចក្តីត្រិះរិះ មិនមែនដោយហេតុនៃការយល់ មិនមែនដោយសេចក្តីរិះគិតតាមអាការៈ មិនមែនតាមសេចក្តីឃើញការពិនិត្យ និងសេចក្តីចូលចិត្តទេ ហេតុនោះ (ទ្រង់ត្រាស់ថា) ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ។
[១៦៥] ពាក្យថា ជាធម៌ដែលបុគ្គលមានសតិដឹងហើយប្រព្រឹត្ត សេចក្តីថា បុគ្គលធ្វើ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដនូវធម៌ណា ឲ្យច្បាស់ថា សង្ខារទាំងពួងមិនទៀង។បេ។ ធ្វើ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យប្រាកដនូវធម៌ឲ្យច្បាស់ថា ធម្មជាតណាមួយ មានកិរិយាកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។ ពាក្យថា មានសតិ គឺបុគ្គលមានសតិដោយហេតុ ៤ គឺបុគ្គលចំរើននូវកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ ឈ្មោះថា មានសតិ។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ។ ពាក្យថា ប្រព្រឹត្ត គឺបុគ្គលកាលត្រាច់រង្គាត់ សម្រេច ប្រព្រឹត្ត រក្សា យាត្រា យាត្រាទៅ ហេតុនោះ (ទ្រង់ត្រាស់ថា) ជាធម៌ដែលបុគ្គលមានសតិដឹងហើយប្រព្រឹត្ត។
ID: 637354496480045286
ទៅកាន់ទំព័រ៖