ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ក្នុងលោក គឺក្នុងអបាយលោក មនុស្សលោក ទេវលោក ខន្ធលោក ធាតុលោក អាយតនលោក។ ពាក្យថា គប្បីឆ្លង វិសត្តិកាតណ្ហាក្នុងលោកបាន បានសេចក្តីថា តណ្ហាណា ឈ្មោះវិសត្តិកាក្នុងលោក បុគ្គលមានសតិ គប្បីឆ្លង ឆ្លងឡើង ឆ្លងកាត់ ឈានកន្លង ប្រព្រឹត្តកន្លង នូវតណ្ហា ឈ្មោះវិសត្តិកានោះ ក្នុងលោក ព្រោះហេតុនោះ (ទ្រង់ត្រាស់ថា) គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) តថាគតនឹងសំដែងធម៌ដល់អ្នក ដែលជាធម៌ជាក់ច្បាស់ក្នុងខ្លួន ចំពោះធម៌ដែលឃើញហើយ ជាធម៌ដែលបុគ្គលមានសតិដឹងហើយប្រព្រឹត្ត គប្បីឆ្លងវិសត្តិកាតណ្ហាក្នុងលោកបាន។
[១៦៧] (មេត្តគូទូលថា) ព្រះមានព្រះភាគ ព្រះអង្គសែ្វងរកគុណដ៏ធំ មានសតិ ទ្រង់ជ្រាបនូវធម៌ណា ជាធម៌ដ៏ឧត្តមហើយប្រព្រឹត្ត គប្បីឆ្លងវិសត្តិកាតណ្ហា ក្នុងលោកបាន ចំណែកខ្ញុំព្រះអង្គត្រេកអរចំពោះធម៌នោះ។
ID: 637355151113551235
ទៅកាន់ទំព័រ៖