ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ជា​ធម៌​ដ៏​ឧត្តម សេចក្តី​ថា អមត​និព្វាន លោក​ហៅថា ធម៌​ដ៏​ឧត្តម​ បានខាង​ការ​រម្ងាប់​សង្ខារ​ទាំងពួង ការ​រលាស់ចោល​ឧបធិ​ទាំងពួង ការ​អស់​តណ្ហា ការប្រាសចាក​តម្រេក​ ការ​រលត់​និព្វាន។ ពាក្យ​ថា ឧត្តម គឺ​ធម៌​ជាកំពូល ប្រសើរ ប្រសើរ​វិសេស ជា​ប្រធាន ខ្ពង់ខ្ពស់​ ថ្លៃថ្លា ហេតុ​នោះ (លោក​ពោល​ថា​) ព្រះអង្គ​ស្វែងរក​គុណ​ដ៏​ធំ ... ជា​ធម៌​ដ៏​ឧត្តម។
 [១៧០​] ពាក្យ​ថា មានសតិ ជ្រាប​ច្បាស់​នូវ​ធម៌​ណា ហើយ​ប្រព្រឹត្ត​ គឺ​ធ្វើឲ្យ​ច្បាស់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ​ថា សង្ខារ​ទាំងពួង​មិន​ទៀង។បេ។ ធ្វើឲ្យ​ច្បាស់ ថ្លឹង ពិចារណា ឈ្វេងយល់ ធ្វើឲ្យ​ប្រាកដ​ថា ធម្មជាត​ឯណា​នីមួយ មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ធម្មជាត​ទាំងអស់​នោះ មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា។ ពាក្យ​ថា មានសតិ សេចក្តី​ថា មានសតិ​ដោយហេតុ​ ៤ គឺ​បុគ្គល​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ ឈ្មោះថា អ្នកមាន​សតិ។បេ។ បុគ្គល​នោះ​ លោក​ហៅថា អ្នកមាន​សតិ។ ពាក្យ​ថា ប្រព្រឹត្ត​គឺ​ប្រព្រឹត្ត ត្រួតត្រា សម្រេច ទៅ រក្សា យាត្រា​ យាត្រា​ទៅ ហេតុ​នោះ (លោក​ពោល​ថា​) មានសតិ ជា្រប​ច្បាស់​នូវ​ធម៌​ណា​ហើយ​ប្រព្រឹត្ត។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637355152115867111
ទៅកាន់ទំព័រ៖