ព្រះត្រៃបិដក ភាគ ៦៧
តណ្ហា លោកហៅថា សេចក្តីត្រេកត្រអាល បានដល់រាគៈ រាគៈមានកំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ ពាក្យថា សេចក្តីប្រកាន់ បានដល់ សេចក្តីប្រកាន់ ២ គឺការប្រកាន់គឺតណ្ហា ១ ការប្រកាន់គឺទិដ្ឋិ ១។ ការប្រកាន់គឺតណ្ហា តើដូចម្តេច។ ពោលគឺ តណ្ហាមានកំណត់ត្រឹមណា។បេ។ នេះ សេចក្តីប្រកាន់គឺតណ្ហា។ សេចក្តីប្រកាន់គឺទិដ្ឋិ តើដូចម្តេច។ សក្កាយទិដ្ឋិមានវត្ថុ ២០។បេ។ នេះ សេចក្តីប្រកាន់គឺទិដ្ឋិ។ ពាក្យថា ចូរបន្ទោបង់វិញ្ញាណ សេចក្តីថា វិញ្ញាណប្រកបដោយបុញ្ញាភិសង្ខារ វិញ្ញាណប្រកបដោយអបុញ្ញាភិសង្ខារ វិញ្ញាណប្រកបដោយអនេញ្ជាភិសង្ខារ។ អ្នកចូរខ្ជាក់ រលាស់ បន្សាត់ ផាត់ លះ ច្រាន បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាព នូវសេចក្តីត្រេកត្រអាលផង នូវសេចក្តីប្រកាន់ផង នូវវិញ្ញាណប្រកបដោយអភិសង្ខារផង ក្នុងធម៌ទាំងឡាយនោះ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរបន្ទោបង់សេចក្តីត្រេកត្រអាលផង សេចក្តីប្រកាន់ផង វិញ្ញាណផង ក្នុងធម៌ទាំងឡាយនុ៎ះ។ ពាក្យថា ភពរបស់បទថា មិនឋិតនៅក្នុងភព បានដល់ភព ២ គឺ កម្មភព ១ បុនព្ភព គឺបដិសន្ធិ ១។ កម្មភព តើដូចម្តេច។ គឺបុញ្ញាភិសង្ខារ អបុញ្ញាភិសង្ខារ អនេញ្ជាភិសង្ខារ នេះកម្មភព។ បុនព្ភព គឺបដិសន្ធិ តើដូចម្តេច។
ID: 637355153549645590
ទៅកាន់ទំព័រ៖