ព្រះត្រៃបិដក ភាគ ៦៧
ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់មោហៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់មានះ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់ទិដ្ឋិ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់បន្លា គឺកាម។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់បំបាក់បង់កិលេស។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់ចែក បែង រំលែកនូវធម្មរតនៈ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់ធ្វើនូវទីបំផុតភព។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់មានកាយចំរើន។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះទ្រង់មានសីលចំរើន ព្រោះទ្រង់មានចិត្តចំរើន ព្រោះទ្រង់មានបញ្ញាចំរើន។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់គប់រកសេនាសនៈដ៏ស្ងាត់ ដែលតាំងនៅក្នុងព្រៃតូច ព្រៃធំ មិនមានសូរសព្ទ មិនមានគឹកកង ជាទីប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃមនុស្ស គួរជាទីកំបាំងនៃមនុស្ស គួរដល់កិរិយាសម្ងំនៅ។ មួយទៀត ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃចីវរ បិណ្ឌបាត សេនាសេនៈ និងគ្រឿងបរិក្ខារ គឺថ្នាំកែរោគ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃអត្ថរស ធម្មរស វិមុត្តិរស អធិសីល អធិចិត្ត និងអធិប្បញ្ញា។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ មានភាគនៃឈាន ៤ អប្បមញ្ញា ៤ និងអរូបសមាបត្តិ ៤
ID: 637354145312103347
ទៅកាន់ទំព័រ៖