ព្រះត្រៃបិដក ភាគ ៦៧
រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលប្រកបដោយបដិសន្ធិ នេះ បុនព្ភព គឺបដិសន្ធិ។ ពាក្យថា មិនឋិតនៅក្នុងភព គឺបុគ្គលកាលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមានបែបភាពនូវសេចក្តីត្រេកត្រអាលផង នូវសេចក្តីប្រកាន់ផង នូវវិញ្ញាណដែលប្រកបដោយអភិសង្ខារផង នូវកម្មភពផង នូវបុនព្ភពគឺបដិសន្ធិផង ទើបមិនគប្បីឋិតក្នុងកម្មភព មិនគប្បីឋិតនៅ មិនគប្បីតាំងនៅ ក្នុងបុនព្ភពគឺបដិសន្ធិ ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកចូរបន្ទោបង់វិញ្ញាណ ទើបមិនឋិតនៅក្នុងភព។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(ព្រះមានព្រះភាគត្រាស់ថា ម្នាលមេត្តគូ) អ្នកបើដឹងច្បាស់នូវធម្មជាតិណាមួយ ទាំងខាងលើ ខាងក្រោម និងទទឹងគឺកណ្តាលហើយ អ្នកចូរបន្ទោបង់នូវសេចក្តីត្រេកត្រអាលផង សេចក្តីប្រកាន់ផង វិញ្ញាណផង ក្នុងធម៌ទាំងឡាយនុ៎ះចេញ ទើបមិនឋិតនៅក្នុងភព។
[១៧៦] ភិក្ខុមានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស លះបង់សេចក្តីប្រកាន់ហើយប្រព្រឹត្ត ជាអ្នកចេះដឹង គប្បីលះបង់នូវទុក្ខ គឺជាតិ ជរា សោកៈ និងបរិវេទៈ ក្នុងលោកនេះបាន។
ID: 637355153949697013
ទៅកាន់ទំព័រ៖