ព្រះត្រៃបិដក ភាគ ៦៧
[១៧៧] អធិប្បាយពាក្យថា មានការនៅយ៉ាងនេះ មានសតិ អ្នកមិនប្រហែស ត្រង់ពាក្យថា មានការនៅយ៉ាងនេះ គឺភិក្ខុកាលលះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យមានបែបភាពនូវសេចក្តីត្រេកត្រអាលផង នូវសេចក្តីប្រកាន់ផង នូវវិញ្ញាណដែលប្រកបដោយអភិសង្ខារផង នូវកម្មភពផង នូវបុនព្ភពគឺបដិសន្ធិផង ហេតុនោះ (ទ្រង់ត្រាស់) ថា មានការនៅយ៉ាងនេះ។ ពាក្យថា មានសតិ គឺបុគ្គលមានសតិដោយហេតុ ៤ គឺបុគ្គលចំរើនកាយានុបស្សនាសតិប្បដ្ឋានក្នុងកាយ។បេ។ បុគ្គលនោះ លោកហៅថា អ្នកមានសតិ។ ពាក្យថា អ្នកមិនប្រហែស គឺអ្នកធ្វើដោយគោរព អ្នកធ្វើមិនឈប់ អ្នកប្រព្រឹត្តមិនរួញរា មានបំណងមិនដាក់ចុះ មានធុរៈមិនដាក់ចុះ អ្នកមិនប្រហែសក្នុងកុសលធម៌ គឺបានខាងបំណង ការព្យាយាម សេចក្តីខ្មីឃ្មាត ការប្រឹងប្រែង ការមិនថយក្រោយ សតិ និងសម្បជញ្ញៈ ការខ្នះខ្នែង ការដំកល់ទុក ការអធិដ្ឋាន ការប្រកបរឿយ ៗ ការមិនធ្វេសប្រហែសក្នុងកុសលធម៌ទាំងនោះថា អង្កាល់ណា អាត្មាអញនឹងបំពេញសីលក្ខន្ធ ដែលមិនទាន់ពេញ ឬជ្រោមជ្រែងទុកនូវសីលក្ខន្ធដែលពេញហើយ ដោយប្រាជ្ញា ក្នុងធម៌នោះ
ID: 637355154336777532
ទៅកាន់ទំព័រ៖