ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា សោក គឺ​សោក អាការ​សោក ភាព​នៃ​សោក ការ​ស្ងួតស្ងប់​ក្នុង​សន្តាន​ ការ​ស្រពោន​ក្នុង​សន្តាន ការ​ក្តៅ​ក្នុង​សន្តាន ការ​រោលរាល​ក្នុង​សន្តាន អាការ​ជាទី​សញ្ជប់សញ្ជឹង​ចិត្ត​ ការ​អាក់អន់​ចិត្ត សរ​គឺ​សោក របស់​បុគ្គល​ដែល​ត្រូវ​វិនាស​ញាតិ​ប៉ះពាល់​ក្តី ត្រូវ​វិនាស​ភោគៈ​ប៉ះពាល់​ក្តី​ ត្រូវ​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​វិនាស​សីល​ប៉ះពាល់​ក្តី ត្រូវ​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី​ ប្រកបដោយ​វិនាស​ណាមួយ​ក្តី ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី។ ពាក្យ​ថា សេចក្តី​ខ្សឹកខ្សួល​ គឺ​ការ​យំ ការ​ខ្សឹកខ្សួល អាការ​យំ អាការ​ខ្សឹកខ្សួល ភាព​នៃ​ការ​យំ ភាព​នៃ​ការ​ខ្សឹកខ្សួល ការ​ទួញ​រៀបរាប់​ ការ​ពោល​រៀបរាប់ ការ​រៀបរាប់​ដដែល ៗ ការ​ពោល​រំលឹក អាការ​ពោល​រៀបរាប់ ភាព​នៃ​ការ​ពោល​រៀបរាប់​របស់​បុគ្គល​ដែល​ត្រូវ​វិនាស​ញាតិ​ប៉ះពាល់​ក្តី​ ត្រូវ​វិនាស​ភោគៈ​ប៉ះពាល់​ក្តី ត្រូវ​វិនាស​គឺ​រោគ​ប៉ះពាល់​ក្តី ត្រូវ​វិនាស​សីល​ប៉ះពាល់​ក្តី​ ត្រូវ​វិនាស​គឺ​ទិដ្ឋិ​ប៉ះពាល់​ក្តី ប្រកបដោយ​វិនាស​ណាមួយ​ក្តី ត្រូវ​ទុក្ខ​ធម៌​ណាមួយ​ប៉ះពាល់​ក្តី។ ពាក្យ​ថា ក្នុង​លោក​នេះ គឺ​ក្នុង​ទិដ្ឋិ​នេះ។បេ។ ក្នុង​មនុស្សលោក​នេះ។ ពាក្យ​ថា ជា​អ្នកចេះដឹង​ បាន​ដល់ អ្នកចេះ អ្នក​តាំងនៅ​ក្នុង​វិជ្ជា មាន​ញាណ មានការ​ឈ្វេងយល់ មាន​ប្រាជ្ញា​ធ្លុះធ្លាយ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637355155316435197
ទៅកាន់ទំព័រ៖