ព្រះត្រៃបិដក ភាគ ៦៧
[១៨១] ពាក្យថា ខ្ញុំព្រះអង្គត្រេកអរចំពោះព្រះវាចានុ៎ះ របស់ព្រះមហេសី ត្រង់ពាក្យថា ចំពោះព្រះវាចានុ៎ះ គឺចំពោះពាក្យ គន្លងនៃពាក្យទេសនា អនុសន្ធិរបស់ព្រះអង្គ។ ពាក្យថា ត្រេកអរចំពោះ គឺខ្ញុំព្រះអង្គស្រស់ស្រាយ ត្រេកអរ រីករាយ រីករាយតាម ប្រាថ្នា ចង់បាន សូម ត្រូវការ ស្រឡាញ់ ជាប់ចិត្ត។ ពាក្យថា របស់ព្រះមហេសី គឺព្រះមានព្រះភាគ ទ្រង់ព្រះនាម មហេសី ព្រោះទ្រង់សែ្វង សែ្វងរក ស្វះស្វែងនូវសីលក្ខន្ធដ៏ធំ។បេ។ ទ្រង់ព្រះនាមមហេសី ព្រោះព្រះអង្គជានរៈដ៏អង់អាច តាមតែក្នុងទីណា ហេតុនោះ (លោកពោលថា) ខ្ញុំព្រះអង្គ ត្រេកអរចំពោះព្រះវាចានុ៎ះរបស់ព្រះមហេសី។
[១៨២] អធិប្បាយពាក្យថា បពិត្រព្រះគោតម ព្រះនិព្វានជាគុណជាតមិនមានឧបធិ ព្រះអង្គសំដែងហើយដោយប្រពៃ ត្រង់ពាក្យថា ព្រះអង្គសំដែងហើយដោយប្រពៃ គឺព្រះអង្គសំដែងដោយល្អ ប្រាប់ដោយល្អ ពន្យល់ដោយល្អ សំដែងដោយប្រពៃ បញ្ញត្តទុកដោយល្អ តាំងទុកដោយល្អ បើកដោយល្អ ចែកដោយល្អ ធ្វើឲ្យរាក់ដោយល្អ ប្រកាសទុកហើយដោយល្អ ហេតុនោះ (លោកពោលថា) ព្រះអង្គសំដែងហើយដោយប្រពៃ។ ពាក្យថា បពិត្រព្រះគោតម ព្រះនិព្វានជាគុណជាតមិនមានឧបធិ សេចក្តីថា ពួកកិលេសខន្ធ និងអភិសង្ខារ លោកហៅថា ឧបធិ។
ID: 637355156021994590
ទៅកាន់ទំព័រ៖