ព្រះត្រៃបិដក ភាគ ៦៧
ការលះឧបធិ ការរម្ងាប់ឧបធិ ការរលាស់ចោលឧបធិ ការស្ងប់រម្ងាប់ឧបធិ ឈ្មោះថា អមតនិព្វាន ហេតុនោះ (លោកពោលថា) បពិត្រព្រះគោតម ព្រះនិព្វានជាគុណជាតមិនមានឧបធិ ព្រះអង្គសំដែងហើយដោយប្រពៃ។
[១៨៣] អធិប្បាយពាក្យថា ព្រះមានព្រះភាគ ទ្រង់លះបង់ទុក្ខដោយពិត ត្រង់ពាក្យថា ដោយពិត គឺជាពាក្យដាច់ខាត ជាពាក្យឥតសង្ស័យ ជាពាក្យឥតងឿងឆ្ងល់ ជាពាក្យមិនបែកជាពីរ ជាពាក្យមិនមានចំពាមពីរ ជាពាក្យស្រោចស្រង់ ជាពាក្យមិនខុស ពាក្យថា ដោយពិត ជាពាក្យតាំងមាំ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យពោលដោយគោរព។បេ។ ការបញ្ញត្តិថា ព្រះមានព្រះភាគ នេះ (កើត) ព្រោះការត្រាស់ដឹង។ ពាក្យថា ទ្រង់លះទុក្ខ គឺលះបង់ លះចេញ បន្ទោបង់ ធ្វើឲ្យវិនាស មិនឲ្យមានបែបភាពនូវជាតិទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ មរណទុក្ខ សោកបរិទេវទុក្ខទោមនស្សុបាយាសទុក្ខ ហេតុនោះ (លោកសួរថា) ព្រះមានព្រះភាគទ្រង់លះទុក្ខបានដោយពិត។
[១៨៤] ពាក្យថា ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ គឺព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ ដឹង ថ្លឹង ពិចារណា ឈ្វេងយល់ ប្រាកដ ហេតុនោះ (លោកសួរថា) ព្រោះធម៌នុ៎ះ ព្រះអង្គជ្រាបច្បាស់ហើយ។ ហេតុនោះ ព្រាហ្មណ៍នោះពោលថា
ID: 637355156406731539
ទៅកាន់ទំព័រ៖