ព្រះត្រៃបិដក ភាគ ៦៧

 [១៨៧​] ពាក្យ​ថា ណា របស់​បទ​ថា បពិត្រ​ព្រះ​មុនិ ព្រះអង្គ​ទូន្មាន​ពួក​ជន​ណា​ ដោយ​ត្រឹម​ត្រូវ បាន​ដល់ ពួក​ជន​ជា​ក្សត្រិយ៍ ព្រាហ្មណ៍​ វេស្សៈ សុទ្ទៈ គ្រហស្ថ បព្វជិត ទេវតា និង​មនុស្ស។ ពាក្យ​ថា ព្រះអង្គ គឺ​ព្រាហ្មណ៍​ពោល​ចំពោះ​ព្រះមានព្រះភាគ។ ពាក្យ​ថា មុនិ សេចក្តី​ថា ញាណ លោក​ហៅថា មោនៈ។បេ។ ព្រះ​មុនិ​នោះ​កន្លង​នូវ​បណ្តាញ គឺ​កិលេស​ជា​គ្រឿង​ជាប់​ចំពាក់។ ពាក្យ​ថា ទូន្មាន​ដោយ​ត្រឹមត្រូវ គឺ​គប្បី​ទូន្មាន ទូន្មាន​ដោយ​គោរព ទូន្មាន​រឿយ ៗ ទូន្មាន ប្រៀនប្រដៅ​ញយ ៗ ដាស់តឿន ហេតុ​នោះ​ (លោក​ពោល​ថា​) បពិត្រ​ព្រះ​មុនិ ព្រះអង្គ​ទូន្មាន​ពួក​ជន​ណា​ដោយ​ត្រឹមត្រូវ។
 [១៨៨​] អធិប្បាយ​ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​ចូល​មក​នមស្ការ​ចំពោះ​ព្រះអង្គ​ជា​ព្រះពុទ្ធ​នាគ ត្រង់​ពាក្យ​ថា ចំពោះ​ព្រះអង្គ គឺ​ព្រាហ្មណ៍​ពោល​ចំពោះ​ព្រះមានព្រះភាគ។ ពាក្យ​ថា នមស្ការ គឺ​ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយបង្គំ​ដោយ​កាយ​ក្តី ថ្វាយបង្គំ​ដោយចិត្ត​ក្តី​ ថ្វាយបង្គំ​ដោយ​សេចក្តី​ប្រតិបត្តិ​ដ៏​សមគួរ​ដល់​អត្ថ​ក្តី ថ្វាយបង្គំ​ដោយ​សេចក្តី​ប្រតិបត្តិ​ដ៏​សមគួរ​ដល់​ធម៌​ក្តី​ ធ្វើសក្ការៈ​គោរព រាប់អាន បូជា។ ពាក្យ​ថា ចូល​មក គឺ​ខ្ញុំ​ព្រះអង្គ​សំដៅ​មក សំដៅ​មក​ចំពោះ​ មក​ត្រង់ ឆ្ពោះ​មក នមស្ការ​ព្រះអង្គ​ចំពោះ​ព្រះ​ភក្ត្រ ពាក្យ​ថា ព្រះពុទ្ធ​នាគ គឺ​ព្រះមានព្រះភាគ​ជា​បុគ្គល​ដ៏​ប្រសើរ។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637355157310597287
ទៅកាន់ទំព័រ៖