ព្រះត្រៃបិដក ភាគ ៦៧
ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃវិមោក្ខ ៨ អភិភាយតនៈ ៨ និងអនុបុព្វវិហារសមាបត្តិ ៩។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសញ្ញាភាវនា ១០ កសិណសមាបត្តិ ១០ អានាបានស្សតិសមាធិ និងអសុភសមាបត្តិ។ ព្រះនាមថា មានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និងមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ ព្រះនាមថា ព្រះមានព្រះភាគ ព្រោះព្រះមានបុណ្យ ទ្រង់មានភាគនៃតថាគតពលៈ ១០ វេសារជ្ជៈ ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និងពុទ្ធធម៌ ៦។ ពាក្យថា ព្រះមានព្រះភាគនេះ មិនមែនព្រះមាតាថ្វាយ មិនមែនព្រះបិតាថ្វាយ មិនមែនបងប្អូនប្រុសថ្វាយ មិនមែនបងប្អូនស្រីថ្វាយ មិនមែនមិត្ត និងអាមាត្យថ្វាយ មិនមែនញាតិសាលោហិតថ្វាយ មិនមែនសមណៈ និងព្រាហ្មណ៍ថ្វាយ មិនមែនទេវតាទាំងឡាយថ្វាយទេ ពាក្យថា ព្រះមានព្រះភាគនុ៎ះ កើតក្នុងទីបំផុតវិមោក្ខ របស់ព្រះពុទ្ធទាំងឡាយ ទ្រង់មានភាគ។ បញ្ញាត្តិថា ព្រះមានព្រះភាគនេះ (កើតហើយ) ដោយកិរិយាធ្វើឲ្យជាក់ច្បាស់ ព្រមទាំងការបានចំពោះនូវសព្វញ្ញុតញាណ ទៀបគល់ពោធិព្រឹក្ស ហេតុនោះ ទើបមានពាក្យថា ព្រះមានព្រះភាគត្រាស់ថា ម្នាលអជិតៈ។
ID: 637354145581393313
ទៅកាន់ទំព័រ៖