ព្រះត្រៃបិដក ភាគ ៦៧
ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់។ ព្រះនាមថា នាគ ព្រោះទ្រង់មិនលុះ។ ព្រះនាមថា នាគ ព្រោះទ្រង់មិនមក។
ព្រះនាមថានាគ ព្រោះព្រះមានព្រះភាគមិនធ្វើអំពើអាក្រក់ តើដូចម្តេច។ អកុសលធម៌ទាំងឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង នាំមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានផលជាទុក្ខ គួរដល់ជាតិ ជរា មរណៈតទៅ លោកពោលថា អំពើអាក្រក់។
ព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់ណាមួយក្នុងលោក ទ្រង់ស្រាយចំណងគឺកិលេស ក្នុងការប្រកបទុកនូវសត្វទាំងពួង ព្រះអង្គរួចហើយ មិនជាប់ក្នុងអារម្មណ៍ទាំងពួង ព្រះអង្គជាបុគ្គលនឹងធឹង ទើបហៅថា នាគ ព្រោះព្រះអង្គជាបុគ្គលទៀង។
ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនធ្វើអំពើអាក្រក់យ៉ាងនេះឯង។
ID: 637355157762062054
ទៅកាន់ទំព័រ៖