ព្រះត្រៃបិដក ភាគ ៦៧
ព្រះនាមថា នាគ ព្រោះទ្រង់មិនលុះ តើដូចម្តេច។ ព្រះមានព្រះភាគមិនលុះឆន្ទាគតិ មិនលុះទោសាគតិ មិនលុះមោហាគតិ មិនលុះភយាគតិ មិនលុះដោយអំណាចរាគៈ មិនលុះដោយអំណាចទោសៈ មិនលុះដោយអំណាចមោហៈ មិនលុះដោយអំណាចទិដ្ឋិ មិនលុះដោយអំណាចមានះ មិនលុះដោយអំណាចឧទ្ធច្ចៈ មិនលុះដោយអំណាចវិចិកិច្ឆា មិនលុះដោយអំណាចអនុស័យ គឺព្រះអង្គមិនទៅ មិនឃ្លាត មិនរសាត់ មិនដោយតាមធម៌ជាពួកទាំងឡាយ ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនលុះ យ៉ាងនេះឯង។
ព្រះនាមថា នាគ ព្រោះព្រះមានព្រះភាគ មិនមក តើដូចម្តេច។ កិលេសទាំងឡាយណា ដែលព្រះអង្គលះហើយ ដោយសោតាបត្តិមគ្គ ព្រះអង្គមិនមក មិនបែរមក មិនត្រឡប់មកកាន់កិលេសទាំងនោះវិញ កិលេសទាំងឡាយណា ដែលព្រះអង្គលះហើយ ដោយសកទាគាមិមគ្គ អនាគាមិមគ្គ ព្រះអង្គមិនមក មិនបែរមក មិនត្រឡប់មក កាន់កិលេសទាំងនោះវិញ កិលេសទាំងឡាយណា ដែលព្រះអង្គលះហើយ ដោយអរហត្តមគ្គ ព្រះអង្គមិនមក មិនបែរមក មិនត្រឡប់មកកាន់កិលេសទាំងនោះវិញទេ
ID: 637355158163988209
ទៅកាន់ទំព័រ៖