ព្រះត្រៃបិដក ភាគ ៦៧

 [១៩១​] អធិប្បាយ​ពាក្យ​ថា បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ពា្រហ្មណ៍​ណា​ ដែល​ជា​អ្នក​ដល់​នូវ​វេទ ត្រង់​ពាក្យ​ថា ព្រាហ្មណ៍ សេចក្តី​ថា​ ដែល​ឈ្មោះថា ពា្រហ្មណ៍ ព្រោះ​បន្សាត់​បង់​ធម៌ ៧។ គឺ​ បន្សាត់​បង់​សក្កា​យទិ​ដិ្ឋ បន្សាត់​បង់​វិចិកិច្ឆា បន្សាត់​បង់​សីលព្វត​បរា​មា​សៈ បន្សាត់​បង់​រាគៈ​ បន្សាត់​បង់​ទោសៈ បន្សាត់​បង់​មោហៈ បន្សាត់​បង់​មានះ។ លោក​បាន​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ ប្រកបដោយ​សេចក្តី​សៅហ្មង នាំមក​នូវ​ភព​ថ្មី ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ មានផល​ជា​ទុក្ខ​ ជាទី​តាំង​នៃជា​តិ ជរា មរណៈ​តទៅ។
(ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​សភិយៈ​) ព្រះមានព្រះភាគ​បន្សាត់​បង់​នូវ​បាប​ទាំងពួង​ ជា​បុគ្គល​ប្រាសចាក​មន្ទិល មាន​ព្រះ​ហឫទ័យ​តំ​កល់​នៅ​ដោយ​ល្អ មានខ្លួន​ខ្ជាប់ខ្ជួន ព្រះមានព្រះភាគ​នោះ​ ជា​បុគ្គល​បរិសុទ្ធ កន្លង​នូវ​សំសារ មិន​អាស្រ័យ (តណ្ហា និង​ទិដ្ឋិ​) ជា​បុគ្គល​នឹងធឹង លោក​ហៅថា ព្រាហ្មណ៍។

 ពាក្យ​ថា អ្នក​ដល់​នូវ​វេទ សេចក្តី​ថា ញាណ​ក្នុង​មគ្គ​ ៤ លោក​ហៅថា​វេទ។បេ។ បុគ្គល​នោះ​ដល់​នូវ​វេទ កន្លង​នូវ​វេទ​ទាំងពួង។ ពាក្យ​ថា គប្បី​ដឹង​ច្បាស់​ គឺ​គប្បី​ដឹង​ចំពោះ ដឹង​ទួទៅ ដឹង​វិសេស ដឹង​ច្បាស់ យល់​ច្បាស់ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) គប្បី​ដឹង​ច្បាស់​នូវ​ព្រាហ្មណ៍​ណា ដែល​ជា​អ្នក​ដល់​នូវ​វេទ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637355159155678600
ទៅកាន់ទំព័រ៖