ព្រះត្រៃបិដក ភាគ ៦៧
[១៩២] អធិប្បាយពាក្យថា អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព ត្រង់ពាក្យថា អ្នកមិនមានកង្វល់ សេចក្តីថា កង្វល់គឺរាគៈ កង្វល់គឺទោសៈ កង្វល់គឺមោហៈ កង្វល់គឺមានះ កង្វល់គឺទិដ្ឋិ កង្វល់គឺកិលេស កង្វល់គឺទុច្ចរិត។ គ្រឿងកង្វល់ទាំងឡាយនុ៎ះ ព្រះខីណាស្រពណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ស្ងប់រម្ងាប់ ធើ្វមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ ព្រះខីណាស្រពនោះ លោកហៅថា អ្នកមិនមានកង្វល់។ ពាក្យថា កាម បើតាមឧទ្ទាន បានដល់ កាម ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ នេះហៅថា វត្ថុកាម។បេ។ នេះហៅថា កិលេសកាម។បេ។ ពាក្យថា ភព បានដល់ភព ២ គឺកម្មភព ១ បុនព្ភពគឺបដិសន្ធិ ១។បេ។ នេះកម្មភព។បេ។ នេះ បុនព្ភពគឺបដិសន្ធិ។ ពាក្យថា អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព គឺអ្នកមិនមានកង្វល់ មិនជាប់នៅ មិនថ្ពក់នៅ មិនស្អិតនៅ មិនចាក់កណ្តាញ់នៅក្នុងកាមភព ហេតុនោះ (ទ្រង់ត្រាស់ថា) អ្នកមិនមានកង្វល់ មិនជាប់នៅក្នុងកាមភព។
[១៩៣] ពាក្យថា ព្រាហ្មណ៍នោះ ឈ្មោះថា បានឆ្លងឱឃៈនេះដោយពិត ត្រង់ពាក្យថា ដោយពិត គឺជាពាក្យដាច់ខាត។បេ។ ពាក្យថា ដោយពិតនុ៎ះ ជាពាក្យប្រាកដ។
ID: 637355159494628490
ទៅកាន់ទំព័រ៖