ព្រះត្រៃបិដក ភាគ ៦៧
ពាក្យថា ទាំងឆ្លងដល់ត្រើយ សេចក្តីថា អមតនិព្វាន លោកហៅថា ត្រើយ បានដល់ការរម្ងាប់នូវសង្ខារទាំងពួង ការរលាស់ចេញនូវឧបធិទាំងពួង ការអស់តណ្ហា ការប្រាសចាកតម្រេក ទីរលត់និព្វាន។ ព្រះអរហន្តនោះ ទៅកាន់ត្រើយ ដល់ត្រើយ ទៅកាន់ទីបំផុត ដល់ទីបំផុត ទៅកាន់ទីខាងចុង ដល់ខាងចុង ទៅកាន់ទីបំផុតជុំវិញ ដល់ទីបំផុតជុំវិញ ទៅកាន់ទីចប់ ដល់ទីចប់ ទៅកាន់ទីពំនាក់ ដល់ទីពំនាក់ ទៅកាន់ទីជ្រកកោន ដល់ទីជ្រកកោន ទៅកាន់ទីពឹង ដល់ទីពឹង ទៅកាន់ទីមិនមានភ័យ ដល់ទីមិនមានភ័យ ទៅកាន់ទីមិនច្យុត ដល់ទីមិនច្យុត ទៅកាន់អមតៈ ដល់អមតៈ ទៅកាន់ព្រះនិព្វាន ដល់ព្រះនិព្វាន ព្រះអរហន្តនោះ មានការអប់រំនៅស្រេចហើយ មានចរណធម៌ប្រព្រឹត្តហើយ។បេ។ ភពថ្មីគឺការអន្ទោលទៅដោយជាតិ ជរា និងមរណៈ របស់ព្រះអរហន្តនោះមិនមាន ហេតុនោះ (ទ្រង់ត្រាស់ថា) ទាំងឆ្លងទៅដល់ត្រើយ។ ពាក្យថា មិនមានបង្គោល សេចក្តីថា បង្គោលគឺរាគៈ បង្គោលគឺទោសៈ បង្គោលគឺមោហៈ បង្គោលគឺកោធៈ បង្គោលគឺឧបនាហៈ។បេ។ បង្គោលគឺការតាក់តែងអកុសលទាំងពួង។
ID: 637355161180626456
ទៅកាន់ទំព័រ៖