ព្រះត្រៃបិដក ភាគ ៦៧

បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រាហ្មណ៍​ណា ដែល​ជា​អ្នក​ដល់​នូវ​វេទ អ្នក​មិន​មាន​កង្វល់ មិន​ជាប់​នៅក្នុង​កាមភព​ ព្រាហ្មណ៍​នោះ ឈ្មោះថា បាន​ឆ្លង​ឱឃៈ​នេះ​ដោយ​ពិត ទាំង​ឆ្លង​ដល់ត្រើយ ជា​អ្នក​មិន​មាន​បង្គោល​ មិន​មាន​សេចក្តី​ងឿងឆ្ងល់។
[១៩៥​] នរៈ​ណា ជា​អ្នកចេះដឹង អ្នក​ដល់​នូវ​វេទ​ក្នុង​លោក​នេះ​ បាន​ស្រាយ​នូវ​ការ​ជាប់​ចំពាក់​នេះ ក្នុង​ភព​តូច និង​ភព​ធំ​ តថាគត​ពោល​ថា នរៈ​នោះ ជា​អ្នក​ប្រាស​ចាក​តណ្ហា មិន​មាន​សេចក្តី​តានតឹង មិន​មាន​សេចក្តី​ប៉ុនប៉ង​ ទាំង​ពោល​ថា នរៈ​នោះ បាន​ឆ្លង​នូវ​ជាតិ និង​ជរា។

 [១៩៦​] ពាក្យ​ថា នរៈ​ណា ជា​អ្នកចេះដឹង អ្នក​ដល់​នូវ​វេទ​ក្នុង​លោក​នេះ​ សេចក្តី​ថា នរៈ​ដែល​សម្រេច​វិជ្ជា មាន​ញាណ មានការ​ឈ្វេងយល់ មាន​ប្រាជ្ញា​ធ្លុះធ្លាយ (ឈ្មោះថា ជា​អ្នកចេះដឹង​)។ ពាក្យ​ថា ណា គឺ អ្នកណា បែប​ណា។បេ។ ទោះជា​មនុស្ស​ក្តី។ ពាក្យ​ថា អ្នក​ដល់​នូវ​វេទ សេចក្តី​ថា​ ញាណ​ក្នុង​មគ្គ ៤ លោក​ហៅថា វេទ។បេ។ បុគ្គល​នោះ​ដល់​នូវ​វេទ ព្រោះ​កន្លង​នូវ​វេទ​ទាំងពួង។ ពាក្យ​ថា នរៈ បាន​ដល់ សត្វ នរៈ​ មាណព បុរស បុគ្គល ជីវៈ ជនជាតិ សត្វ​ធាតុ​ សត្វ​ទៅ​ដោយ​ឥន្រ្ទិយ សត្វ​កើត​អំពី​មនុស្ស។ ពាក្យ​ថា ក្នុង​លោក​នេះ គឺ​ក្នុង​ទិដ្ឋិ​នេះ។បេ។ ក្នុង​មនុស្សលោក​នេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) នរៈ​ណា ជា​អ្នកចេះដឹង អ្នក​ដល់​នូវ​វេទ​ក្នុង​លោក​នេះ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637355162001669259
ទៅកាន់ទំព័រ៖