ព្រះត្រៃបិដក ភាគ ៦៧
[១៩៨] អធិប្បាយពាក្យថា តថាគតពោលថា នរៈនោះជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីតានតឹង មិនមានសេចក្តីប៉ុនប៉ង ទាំងពោលថា នរៈនោះ បានឆ្លងនូវជាតិ និងជរា ត្រង់ពាក្យថា តណ្ហា បានដល់ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា។ តណ្ហានុ៎ះ នរៈណា បានលះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យស្ងប់រម្ងាប់ ធ្វើមិនគួរឲ្យកើតឡើងបាន ដុតដោយភ្លើងគឺញាណហើយ នរៈនោះ លោកហៅថា អ្នកប្រាសចាកតណ្ហា លះចោលតណ្ហា ខ្ជាក់ចោលតណ្ហា ផុតចាកតណ្ហា បន្សាត់ចោលតណ្ហា រលាស់ចេញចាកតណ្ហា ប្រាសចាករាគៈ លះចោលរាគៈ ខ្ជាក់ចោលរាគៈ ផុតចាករាគៈ បន្សាត់ចោលរាគៈ រលាស់ចេញចាករាគៈ មិនមានសេចក្តីប្រាថ្នា រលត់ទុក្ខ មានចិត្តត្រជាក់ សោយសុខ មានចិត្តត្រជាក់ ហេតុនោះ (ទ្រង់ត្រាស់ថា) នរៈនោះប្រាសចាកតណ្ហា។ ពាក្យថា មិនមានសេចក្តីតានតឹង សេចក្តីថា រាគៈ ជាសេចក្តីតានតឹង ទោសៈ ជាការតានតឹង មោហៈ ជាការតានតឹង កោធៈ ជាការតានតឹង ឧបនាហៈ ជាការតានតឹង។បេ។ ការតាក់តែងនូវអកុសលទាំងពួង ជាការតានតឹង។
ID: 637355162678318850
ទៅកាន់ទំព័រ៖