ព្រះត្រៃបិដក ភាគ ៦៧

សេចក្តី​តានតឹង​ទាំង​នុ៎ះ នរៈ​ណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យ​ស្ងប់​រម្ងាប់​ ធ្វើ​មិន​គួរ​ឲ្យ​កើត​ឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ នរៈ​នោះ លោក​ហៅថា អ្នក​មិន​មាន​សេចក្តី​តានតឹង។ ពាក្យ​ថា មិន​មាន​សេចក្តី​ប៉ុនប៉ង សេចក្តី​ថា តណ្ហា​ លោក​ហៅថា សេចក្តី​ប៉ុនប៉ង បាន​ដល់ រាគៈ រាគៈ​មាន​កំឡាំង។បេ។ អភិជ្ឈា លោភៈ អកុសលមូល។ តណ្ហា​គឺ​សេចក្តី​ប៉ុនប៉ង​នោះ នរៈ​ណា បាន​លះបង់ ផ្តាច់ផ្តិល រម្ងាប់ ឲ្យ​ស្ងប់ ធ្វើ​មិន​គួរ​ឲ្យ​កើតឡើង​បាន ដុត​ដោយ​ភ្លើង​គឺ​ញាណ​ហើយ នរៈ​នោះ​ លោក​ហៅថា អ្នក​មិន​មាន​សេចក្តី​ប៉ុនប៉ង។ ពាក្យ​ថា ជាតិ បាន​ដល់ កំណើត ការ​កើត​ព្រម ការ​ចុះ​កាន់​គភ៌​ ការ​ផ្តួចផ្តើម ការ​ចំរើន​ឡើង ការ​កើត​ប្រាកដ​នៃ​ខន្ធ ការបាន​ចំពោះ​នូវ​អាយតនៈ​នៃ​ពួក​សត្វ​នោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យ​ថា ជរា បាន​ដល់ ការ​ចាស់​ ការ​គ្រាំគ្រា ការ​បាក់ធ្មេញ ការ​ស្កូវ​សក់ ការ​ជ្រួញជ្រីវ​ស្បែក ការ​រួញ​ថយ​នៃ​អាយុ​ ការ​ចាស់​ឥន្រ្ទិយ​នៃ​ពួក​សត្វ​នោះ ៗ ក្នុង​សត្តនិកាយ​នោះ ៗ។ ពាក្យ​ថា មរណៈ បាន​ដល់ ការ​ចុតិ​ ការ​ឃ្លាត ការ​បែកធ្លាយ ការ​អន្តរធាន មច្ចុ​ មរណៈ កាលកិរិយា ការ​បែកធ្លាយ​ខន្ធ ការ​ដាក់​ចោល​នូវ​សាកសព ការ​ដាច់​សូន្យ​ជីវិតិន្រ្ទិយ​នៃ​ពួក​សត្វ​នោះ ៗ ក្នុង​សត្តនិកាយ​នោះ​ ៗ។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637355163206511317
ទៅកាន់ទំព័រ៖