ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា តថាគត​ពោល​ថា នរៈ​នោះ ជា​អ្នក​ប្រាសចាក​តណ្ហា មិន​មាន​សេចក្តី​តានតឹង មិន​មាន​សេចក្តី​ប៉ុនប៉ង​ ទាំង​ពោល​ថា នរៈ​នោះ​បាន​ឆ្លង​នូវ​ជាតិ និង​ជរា បាន​សេចក្តី​ថា តថាគត​ពោល ប្រាប់ សំដែង បញ្ញត្ត​ តាំង​ទុក បើក ចែក ធ្វើឲ្យ​រាក់ ប្រកាស​ថា នរៈ​ណា​នោះ ប្រាសចាក​តណ្ហា​ផង មិន​មាន​សេចក្តី​តានតឹង​ផង​ មិន​មាន​សេចក្តី​ប៉ុនប៉ង​ផង នរៈ​នោះ បាន​ឆ្លង ឆ្លងកាត់ ឈាន​កន្លង ប្រព្រឹត្ត​កន្លង នូវ​ជាតិ​ ជរា និង​មរណៈ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) តថាគត​ពោល​ថា នរៈ​នោះ ជា​អ្នក​ប្រាសចាក​តណ្ហា មិន​មាន​សេចក្តី​តានតឹង មិន​មាន​សេចក្តី​ប៉ុនប៉ង ទាំង​ពោល​ថា នរៈ​នោះ បាន​ឆ្លង​នូវ​ជាតិ​ និង​ជរា។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
នរៈ​ណា ជា​អ្នកចេះដឹង អ្នក​ដល់​នូវ​វេទ​ក្នុង​លោក​នេះ​ បាន​ស្រាយ​នូវ​ការ​ជាប់​ចំពាក់​នេះ ក្នុង​ភព​តូច និង​ភព​ធំ តថាគត​ពោល​ថា នរៈ​នោះ ជា​អ្នក​ប្រាសចាក​តណ្ហា មិន​មាន​សេចក្តី​តានតឹង មិន​មាន​សេចក្តី​ប៉ុនប៉ង ទាំង​ពោល​ថា​ នរៈ​នោះ បាន​ឆ្លង​នូវ​ជាតិ និង​ជរា។

 (មេ​ត្ត​គូ​បាន​ប្រកាស​ខ្លួន​) ដំណាលគ្នា​នឹង​កាល​ជាទី​ចប់​គាថា។បេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រះមានព្រះភាគ ជា​សាស្តា​របស់ខ្ញុំ​ព្រះអង្គ ខ្ញុំ​ព្រះអង្គ​ជា​សាវ័ក។

ចប់ មេ​ត្ត​គូ​មាណវ​កប្ប​ញ្ហា​និទ្ទេស ទី៤។

ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637355163806588429
ទៅកាន់ទំព័រ៖