ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា សូម​ព្រះអង្គ​សំដែង​សេចក្តី​នោះ ដល់​ខ្ញុំ​ព្រះអង្គ​ គឺ​សូម​ព្រះអង្គ​ពោល ប្រាប់ សំដែង​ បញ្ញត្ត តាំង​ទុក បើក ចែក ធ្វើឲ្យ​ងាយ ប្រកាស​ ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះមានព្រះភាគ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​ព្រះអង្គ​ សូម​ព្រះអង្គ​សំដែង​សេចក្តី​នុ៎ះ ដល់​ខ្ញុំ​ព្រះអង្គ។ ពាក្យ​ថា ដូច្នេះ នៃ​បទ​ថា ធោ​តកៈ​មាន​អាយុ​ ពោល​ដូច្នេះ គឺជា​បទ​តភ្ជាប់។ ពាក្យ​ថា មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់។ ពាក្យ​ថា ធោ​តកមាណព​ ជា​ឈ្មោះ។បេ។ ជា​ពាក្យ​ហៅ​របស់​ព្រាហ្មណ៍​នោះ។ ហេតុ​នោះ (មាន​ពាក្យ​ថា​) ធោ​តកៈ​មាន​អាយុ ទូល​សួរ​ដូច្នេះ។
 [២០១​] ពាក្យ​ថា បពិត្រ​ព្រះមហេសី ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ (ស្តាប់​) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ គឺ​ខ្ញុំ​ព្រះអង្គ ប្រាថ្នា ប្រាថ្នា​ចំពោះ ប៉ង ជ្រះថ្លា​ ផ្គង ស្រឡាញ់ ជាប់ចិត្ត នូវ​ព្រះ​ពុទ្ធដីកា គន្លង​នៃ​ព្រះពុទ្ធដីកា ទេសនា​ អនុសន្ធិ​របស់​ព្រះអង្គ។ សំនួរ​ត្រង់​ពាក្យ​ថា មហេសី ចុះឈ្មោះ​ថា មហេសី ដោយ​អត្ថ​ដូចម្តេច។ ឈ្មោះថា មហេសី ព្រោះ​ព្រះមានព្រះភាគ ទ្រង់​រក ស្វែង ស្វះស្វែង នូវ​កង​សីល​ដ៏​ធំ។បេ។ ឈ្មោះថា​ មហេសី ព្រោះ​ព្រះអង្គ ជា​នរៈ​ប្រសើរ គង់​ក្នុង​ទីណា ហេតុ​នោះ (លោក​ពោល​ថា​) បពិត្រ​ព្រះមហេសី ខ្ញុំ​ព្រះអង្គ​ប្រាថ្នា​ (ស្តាប់​) ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637355164748271967
ទៅកាន់ទំព័រ៖