ព្រះត្រៃបិដក ភាគ ៦៧

 [២០៥​] ពាក្យ​ថា បើ​ដូច្នោះ ចូរ​អ្នកធ្វើ​សេចក្តី​ព្យាយាម​ចុះ​ គឺ​អ្នក​ចូរ​ធ្វើ​សេចក្តី​ព្យាយាម ចូរ​ធ្វើ​ឧស្សាហ៍ ចូរ​ធ្វើ​សេចក្តី​ប្រឹងប្រែង​ ចូរ​ធ្វើ​សេចក្តី​សង្វាត ចូរ​ធ្វើ​សេចក្តី​ឱហាត ចូរ​ធ្វើ​សេចក្តី​ខ្នះខ្នែង​ ចូរ​ធ្វើ​សេចក្តី​ខ្មីឃ្មាត ចូរ​ញុំាង​សេចក្តី​ពេញចិត្ត​ឲ្យ​កើត ឲ្យ​កើត​ព្រម ឲ្យ​តាំងនៅ​ស៊ប់សួន ឲ្យ​ដុះ​ ឲ្យ​ដុះ​ចំពោះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បើ​ដូច្នោះ​ អ្នក​ចូរ​ធ្វើ​សេចក្តី​ព្យាយាម​ចុះ។ ពាក្យ​ថា ធោ​តកៈ នៃ​បទ​ថា ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ធោ​តកៈ គឺ​ព្រះ​មាន​ព្រះ​ភាគ ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ចំ​ឈ្មោះ។ ពាក្យ​ថា ព្រះមានព្រះភាគ​នេះ ជា​ពាក្យ​ពោល​ដោយ​គោរព។បេ។ ការ​បញ្ញត្តិ​ថា ព្រះមានព្រះភាគ​នេះ​ (កើត​) ព្រោះ​ការ​ធ្វើឲ្យ​ជាក់ច្បាស់ ហេតុ​នោះ​ (មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ធោ​តកៈ។
 [២០៦​] អធិប្បាយ​ពាក្យ​ថា បុគ្គល​ក្នុង​លោក​នេះ ជា​អ្នកមាន​បញ្ញា​ចាស់​ក្លា​ មាន​ស្មារតី ត្រង់​ពាក្យ​ថា ក្នុង​លោក​នេះ គឺ​ក្នុង​ទិដ្ឋិ​នេះ ក្នុង​សេចក្តី​ពេញចិត្ត​នេះ​ ក្នុង​សេចក្តី​គាប់ចិត្ត​នេះ ក្នុង​ការ​កាន់​យក​នេះ ក្នុង​ធម៌​នេះ​ ក្នុង​វិន័យ​នេះ ក្នុង​ធម្មវិន័យ​នេះ ក្នុង​ពាក្យ​ជា​ប្រធាន​នេះ ក្នុង​ព្រហ្មចារ្យ​នេះ ក្នុង​សាសនា​ព្រះ​សាស្តា​នេះ ក្នុង​អត្តភាព​នេះ​ ក្នុង​មនុស្ស​លោក​នេះ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637355166231900185
ទៅកាន់ទំព័រ៖