ព្រះត្រៃបិដក ភាគ ៦៧

 ពាក្យ​ថា មាន​បញ្ញា​ចាស់​ក្លា គឺ​មាន​បញ្ញា​ឆ្អិន​ ជា​បណ្ឌិត​មាន​ប្រាជ្ញា មានការ​ចេះដឹង មាន​ញាណ ជា​អ្នកប្រាជ្ញ​ មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​កិលេស។ ពាក្យ​ថា មាន​ស្មារតី គឺ​មានស្មារតី​ដោយហេតុ ៤ គឺ បុគ្គល​កំពុង​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ក្នុង​កាយ ឈ្មោះថា អ្នក​មាន​សា្ម​រតី។បេ។ បុគ្គល​នោះ លោក​ហៅថា​ អ្នកមាន​ស្មារតី ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) បុគ្គល​ក្នុង​លោក​នេះ ជា​អ្នកមាន​បញ្ញា​ចាស់​ក្លា​ មានស្មារតី។
 [២០៧​] ពាក្យ​ថា ស្តាប់​ទេសនា​អំពី​ទីនេះ​ហើយ គឺ​ស្តាប់​ ត្រង់​ត្រាប់ រៀន ទ្រទ្រង់ កំណត់ទុក នូវ​ពាក្យ គន្លង​ពាក្យ ទេសនា អនុសន្ធិ របស់​តថាគត​ អំពី​ទីនេះ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ស្តាប់​នូវ​ទេសនា អំពី​ទីនេះ​ហើយ។
 [២០៨​] អធិប្បាយ​ពាក្យ​ថា នឹង​សិក្សា​នូវ​ការ​រំលត់​ (កិលេស​) របស់​ខ្លួន ត្រង់​ពាក្យ​ថា នឹង​សិក្សា បាន​ដល់​សិក្ខា​ ៣ គឺ​អធិសីល​សិក្ខា ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញា​សិក្ខា​ ១។បេ។ នេះ អធិប្បញ្ញា​សិក្ខា។ ពាក្យ​ថា ការ​រំលត់ (កិលេស​) របស់​ខ្លួន គឺ​នឹង​សិក្សា​អធិសីល​ផង នឹង​សិក្សា​អធិចិត្ត​ផង នឹង​សិក្សា​អធិប្បញ្ញា​ផង​ ដើម្បី​ការ​រំលត់​រាគៈ ការ​រំលត់​ទោសៈ ការ​រំលត់​មោហៈ ការ​រំលត់​កោ​ធៈ ការ​រំលត់​ឧបនាហៈ។បេ។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 637355166766969304
ទៅកាន់ទំព័រ៖