ព្រះត្រៃបិដក ភាគ ៦៧
ដើម្បីការស្ងប់ រម្ងាប់ ស្ងប់រម្ងាប់ រំលត់ លះបង់ រម្ងាប់នូវអភិសង្ខារ ជាអកុសលទាំងពួង នឹងពិចារណាសិក្សា នូវសិក្ខាទាំង ៣ នេះ នឹងដឹងសិក្សា។បេ។ នឹងធ្វើឲ្យជាក់ច្បាស់នូវធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់សិក្សា នឹងប្រព្រឹត្តសមាទាន នឹងប្រតិបត្តិសមាទាន ហេតុនោះ (ទ្រង់ត្រាស់ថា) នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
ម្នាលធោតកៈ បើដូច្នោះ ចូរអ្នកធ្វើសេចក្តីព្យាយាមចុះ បុគ្គលក្នុងលោកនេះ ជាអ្នកមានបញ្ញាចាស់ក្លា មានស្មារតី ស្តាប់ទេសនាអំពីទីនេះហើយ នឹងសិក្សានូវការរំលត់ (កិលេស) របស់ខ្លួនបាន។
[២០៩] (ធោតកៈពោលថា) ខ្ញុំព្រះអង្គបានឃើញព្រះអង្គ ជាទេវតាក្នុងមនុស្សលោក ព្រះអង្គមិនមានកង្វល់ ជាព្រាហ្មណ៍កំពុងប្រព្រឹត្ត បពិត្រព្រះអង្គជាសមន្តចក្ខុ ខ្ញុំព្រះអង្គសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាសក្កៈ សូមព្រះអង្គដោះខ្ញុំព្រះអង្គឲ្យផុតចាកសេចក្តីសង្ស័យទាំងឡាយ។
ID: 637355167276565712
ទៅកាន់ទំព័រ៖