ព្រះត្រៃបិដក ភាគ ៦៧

 [២១០​] អធិប្បាយ​ពាក្យ​ថា ខ្ញុំ​ព្រះអង្គ​បានឃើញ​ព្រះអង្គ​ ជា​ទេវតា​ក្នុង​មនុស្សលោក ត្រង់​ពាក្យ​ថា ទេវតា បាន​ដល់ ពួក​ទេព ៣ គឺ​សម្មតិទេព ១ ឧប​បត្តិ​ទេព​ ១ វិសុទ្ធិទេព ១។ សម្មតិទេព តើ​ដូចម្តេច។ ពួក​ព្រះរាជា ព្រះរាជ​កុមារ និង​ព្រះទេពី លោក​ហៅថា​ សម្មតិទេព។ ឧប​បត្តិ​ទេព តើ​ដូចម្តេច។ ពួក​ទេព​ឋិតនៅ​ក្នុង​ចាតុម្មហារាជិកា ពួក​ទេព​ឋិតនៅ​ក្នុង​តាវត្តឹង្ស​ ​ពួក​ទេព​ឋិតនៅ​ក្នុង​យាមា ពួក​ទេព​ឋិតនៅ​ក្នុង​តុសិត ពួក​ទេព​ឋិតនៅ​ក្នុង​និម្មានរតី ពួក​ទេព​ឋិតនៅ​ក្នុង​បរនិម្មិតវសវត្តី​ និង​ពួក​ទេព​ជា​ពួក​នៃ​ព្រហ្ម ជា​ពួក​ទេព​ដែល​ឋិតនៅ​ខាងលើ ពួក​ទេព​ទាំង​នុ៎ះ លោក​ហៅថា ឧប​បត្តិ​ទេព។ វិសុទ្ធិទេព តើ​ដូចម្តេច។ ពួក​ព្រះអរហន្ត​ខីណាស្រព ជា​សាវ័ក​របស់​ព្រះ​តថាគត និង​ពួក​ព្រះ​ខីណាស្រព​ដែល​ជា​ព្រះ​បច្ចេកពុទ្ធ​ លោក​ហៅថា វិសុទ្ធិទេព។ ព្រះមានព្រះភាគ ជា​ទេព​របស់​ពួក​សម្មតិទេព ឧប​បត្តិ​ទេព និង​វិសុទ្ធិទេព​ ជា​ទេព​ដ៏​ក្រៃលែង​ផង ជា​ទេព​ធំ​កន្លង​ជាង​ពួក​ទេព​ផង ជា​សីហៈ​ធំជាង​សីហៈ​ផង ជានា​គធំជាង​នាគ​ផង ជា​មេគណៈ​ធំ​ជាង​មេគណៈ​ផង ជាមុ​នី​ធំជាង​មុនី​ផង ជា​ព្រះរាជា​ធំជាង​ព្រះរាជា​ផង។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637355167591293663
ទៅកាន់ទំព័រ៖