ព្រះត្រៃបិដក ភាគ ៦៧

ពាក្យ​ថា ខ្ញុំ​ព្រះ​អង្គបាន​ឃើញ​ព្រះអង្គ​ជា​ទេវតា ក្នុង​មនុស្សលោក បានន័យ​ថា ខ្ញុំ​ព្រះអង្គ​ឃើញ​ព្រះអង្គ​ជា​ទេវតា គឺ​ខ្ញុំ​ព្រះអង្គ​ឃើញ​ព្រះអង្គ​ជា​ទេវតា​កន្លង​ទេវតា​ ឃើញ ប្រទះឃើញ រមិល​ឃើញ សំឡឹង​មើល ពិចារណាមើល នូវ​ព្រះអង្គ​ជា​ទេព​ធំជាង​ពួក​ទេព ហេតុ​នោះ​ លោក​ពោល​ថា ខ្ញុំ​ព្រះអង្គ​បានឃើញ​ព្រះអង្គ​ជា​ទេវតា ក្នុង​មនុស្សលោក។
 [២១១​] អធិប្បាយ​ពាក្យ​ថា ព្រះអង្គ​មិន​មាន​កង្វល់​ ជា​ព្រាហ្មណ៍​កំពុង​ប្រព្រឹត្ត ត្រង់​ពាក្យ​ថា ព្រះអង្គ​មិន​មាន​កង្វល់ បាន​ដល់ កង្វល់​គឺ​រាគៈ​ កង្វល់​គឺ​ទោសៈ កង្វល់​គឺ​មោហៈ កង្វល់​គឺ​មានះ កង្វល់​គឺ​ទិដ្ឋិ កង្វល់​គឺ​កិលេស កង្វល់​គឺ​ទុច្ចរិត​ កង្វល់​ទាំង​នុ៎ះ ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​លះបង់ ផ្តាច់ផ្តិល​ឫសគល់ ធ្វើឲ្យ​នៅតែ​ទី​កើត​ដូចដើម​ត្នោត​ ធ្វើ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​របស់​មាន​សភាព​មិនកើត​តទៅទៀត​ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា មិន​មាន​កង្វល់។ ពាក្យ​ថា ជា​ព្រាហ្មណ៍ គឺ​ព្រះមានព្រះភាគ ឈ្មោះថា​ ព្រាហ្មណ៍ ព្រោះ​ទ្រង់​បន្សាត់​ចោល​ធម៌ ៧ គឺ​បន្សាត់​សក្កា​យទិដ្ឋិ​ បន្សាត់​វិចិកិច្ឆា បន្សាត់​សីលព្វត​បរា​មា​សៈ​ បន្សាត់​រាគៈ បន្សាត់​ទោសៈ បន្សាត់​មោហៈ បន្សាត់​មានះ ទាំង​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ ច្រឡូកច្រឡំ​ដោយ​សេចក្តី​សៅហ្មង នាំឲ្យកើត​ក្នុង​ភព​ថ្មី​ ប្រកបដោយ​សេចក្តី​ក្រវល់​ក្រ​វ៉ា​យ មានទុក្ខ​ជា​ផល ជាទី​តាំង​នៃជា​តិ ជរា​ និង​មរណៈ​ទៅខាងមុខ ព្រះអង្គ​បន្សាត់​ចោល​ហើយ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637355167951652924
ទៅកាន់ទំព័រ៖