ព្រះត្រៃបិដក ភាគ ៦៧

ព្រះមានព្រះភាគ ស្តុកស្តម្ភ មានទ្រព្យ​ច្រើន​ មានទ្រព្យ​ធន​ ដោយ​ទ្រព្យ​ប្រសើរ​ទាំងឡាយ​ច្រើនប្រការ​នេះ ហេតុ​នោះ​ទើប​ទ្រង់ព្រះ​នាម​ថា សក្កៈ ក៏​មាន។ មួយទៀត ព្រះមានព្រះភាគ ទ្រង់​អង់អាច អាច​ហ៊ាន ក្លាហាន មោះមុត​ ក្លៀវក្លា​ មាន​ព្យាយាម ធ្លាប់​ចូលកាន់​សង្គ្រាម មិន​ខ្លាច​ មិន​រន្ធត់ មិន​តក់ស្លុត មិន​រត់ចោល លះ​ភ័យ​គួរខ្លាច ទ្រង់​មិន​ព្រឺរោម ហេតុ​នោះ ទើប​ទ្រង់ព្រះ​នាម​ថា​ សក្កៈ ក៏​មាន។ សេចក្តី​ស្ទាក់ស្ទើរ លោក​ហៅថា សេចក្តី​សង្ស័យ គឺ​សង្ស័យ​ក្នុង​ទុក្ខ សង្ស័យ​ក្នុង​តណ្ហា​ ជាហេតុ​ឲ្យ​កើតទុក្ខ សង្ស័យ​ក្នុង​សេចក្តី​រំលត់ទុក្ខ សង្ស័យ​ក្នុង​បដិបទា ជា​ដំណើរ​ទៅ​ដើម្បី​រំលត់ទុក្ខ សង្ស័យ​ក្នុង​ចំណែកខាង​ដើម​ សង្ស័យ​ក្នុង​ចំណែកខាង​ចុង សង្ស័យ​ទាំង​ចំណែកខាង​ដើម និង​ខាងចុង សង្ស័យ​ក្នុង​ធម៌​ទាំងឡាយ​ ដែល​កើតឡើង​អាស្រ័យ​ ព្រោះ​បច្ច័យ​នេះ គឺ​បានខាង​ការសង្ស័យ អាការ​នៃ​ការសង្ស័យ​ ភាព​នៃ​ការសង្ស័យ ការ​ងឿងឆ្ងល់ ការ​ស្ទាក់ស្ទើរ ការយល់​ជា​ពីរ​យ៉ាង ការ​បែក​គំនិត​ជា​ពីរ​ផ្លូវ ការ​សន្ទិះសង្ស័យ ការ​ប្រកាន់​ច្រើន​ចំណែក​ ការ​រសេមរសាម ការ​ស្មុគស្មាញ ការ​ប្រកាន់​ឆ្វេង ភាព​នៃ​ចិត្ត​ញាប់ញ័រ គំនូស​នៃ​ចិត្ត​មាន​សភាព​យ៉ាងនេះ។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637355169173216133
ទៅកាន់ទំព័រ៖